ព្រមព្រៀងឈប់បាញ់គ្រប់៥ខែហើយ តែថែនៅបន្តរំលោភសេចក្តីថ្លែងការណ៍រារាំងការវិលត្រឡប់ពលរដ្ឋភៀសសឹកកម្ពុជា
អុន សម្ផស្ស
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ មានរយៈពេល៥ខែគត់។ បទឈប់បាញ់ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូតយ៉ាងសកម្ម ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ាន ដែលប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥ ហាក់នៅតែផុយស្រួយ ដោយសារកងកម្លាំងប្រដាប់អាវុធថៃ នៅបន្តកាន់កាប់ទឹកដីខ្មែរតាមបណ្តោយព្រំដែនមួយចំនួន ដោយខុសច្បាស់...។ 

ជាក់ស្តែង ពលរដ្ឋខ្មែរប្រមាណជាង៣ម៉ឺននាក់ភាគច្រើនជាស្ត្រី និងកុមារនៅមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ដោយសារផ្ទៃដីពលរដ្ឋស្លូតត្រង់ទាំងនោះកំពុងស្ថិតក្រោមការគ្រប់គ្រងដោយខុសច្បាប់ ពីកងកម្លាំងយោធាថៃឈ្លានពាន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងក្នុងសន្និសីទបច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយរំឭកថា តាមខ្លឹមសារនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា-ថៃ បានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ រាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរ ត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬចល័តកម្លាំងទៅលើទីតាំង ឬកងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានចែងដែរថា ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត, មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។ បន្ថែមលើនោះ កម្ពុជា-ថៃ ឯកភាពគ្នា ថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ខណ្ឌសីមាព្រំដែន ដែលជាព្រំដែនអន្តរជាតិរបស់ប្រទេសទាំងពីរនោះទេ ដោយប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

ក្នុងសេចក្តីថ្លែងការណ៍ចំណុចទី៤ ក៏មានចែកដែរថា ទាំងកម្ពុជា និងថៃ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់បំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ រីឯយន្តការសម្រាប់ការអនុវត្ត និងផ្ទៀងផ្ទាត់ ចែងអំពីតួនាទីរបស់ AOT ជាក់ស្តែង៖ ចំណុច១២៖ ភាគីទាំងពីរទទួលស្គាល់តួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួមនេះ ដោយពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និងក្រុមអ្នកសង្កេតការណ៍អាស៊ាន។

ក្នុងន័យនេះ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព ភាគីទាំងពីរយល់ព្រមប្រើប្រាស់អង្គភាពសម្របសម្រួលព្រំដែនកម្ពុជា-ថៃ និងថៃ-កម្ពុជា ដើម្បីធានាថា បទឈប់បាញ់ នឹងត្រូវអនុវត្តឱ្យបាន គ្រប់គ្រងស្ថានភាពនៅនឹងកន្លែង ដោះស្រាយឧប្បត្តិហេតុទាន់ពេលវេលា និងទប់ស្កាត់ការយល់ច្រឡំ ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ក្រសួងការពារជាតិ តែងអះអាថា កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងកម្ពុជា-ថៃ។ លើសពីនេះ កម្ពុជា តែងជូនដំណើរក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះទៅពិនិត្យដល់ទីតាំងរងគ្រោះផ្ទាល់ទៀតផង។ ចំពោះបទឈប់បាញ់វិញ កម្ពុជាតែងគោរពជានិច្ច តែយោធាថៃទេ ដែលត្រូវបានគេមើលឃើញថា មិនគោរព ហើយបន្តរំលោភបំពានកម្ពុជា ដូចជា ដាក់ទូកុងទឺន័រ ស្រាស់បន្លាលួស និងចូលមកកាន់កាប់តំបន់មួយចំនួនក្នុងដែនអធិបតេយ្យកម្ពុជា នៅតំបន់មួយចំនួន ក្រោយបទឈប់បាញ់បានចូលជាធរមាន៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត