គម្រោងទិញនាវាចម្បាំងរបស់ថៃជាប់គាំង ព្រោះដាច់លុយ
ហៀប ស៊ីថេត
14 ម៉ោងមុន

​រាជធានីបាងកក៖ កងទ័ពជើងទឹកភូមិន្ទថៃ កំពុងធ្លាក់ក្នុងវិបត្តិសមត្ថភាព បន្ទាប់ពីការិយាល័យថវិកាជាតិ សម្រេចកាត់ផ្ដាច់កញ្ចប់ថវិកាបញ្ជាទិញនាវាចម្បាំងហ្វ្រីហ្គេត (Frigate) គ្រឿងទី២ ចេញពីគម្រោងផែនការឆ្នាំ២០២៧ ខណៈគម្រោងទិញនាវាមុជទឹកពីចិន ក៏កំពុងជាប់គាំងដូជគ្នា...។ 

រាជរដ្ឋាភិបាលថៃ មានផែនការបង្កើននាវាចម្បាំង Frigate ឱ្យដល់៨គ្រឿង ត្រឹមឆ្នាំ២០៣៧ ដើម្បីត្រួតត្រាផលប្រយោជន៍សមុទ្ទ និងពង្រីកឥទ្ធិពលយោធារបស់ខ្លួន។ ប៉ុន្តែធាតុពិត ដែនសមុទ្ទដែលថៃចង់ពង្រីកឥទ្ធិពល និងដាក់ពង្រាយអាវុធធុនធ្ងន់ទាំងនោះ គឺសុទ្ធសឹងជាតំបន់យុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលពួកគេចង់សង្គ្រុបដណ្តើមយកផលប្រយោជន៍ពីប្រទេសជិតខាង ពិសេសគឺដែនសមុទ្ទប្រទេសកម្ពុជាផ្ទាល់តែម្ដង។ យ៉ាងណា ការកាត់ផ្តាច់ថវិការបស់ការិយាល័យថវិកាជាតិនេះ ធ្វើឱ្យគម្រោងទិញនាវាចម្បាំងរបស់ថៃ ត្រូវជាប់គាំង និងកាត់បន្ថយភាពក្រអើតក្រទមរបស់ភាគីថៃ បានមួយកម្រិត។

សូមជម្រាបថា ឈូងសមុទ្ទថៃ គឺជាចំណុចយុទ្ធសាស្ត្រដែលមានព្រំដែនទឹកដ៏វែងជាប់ជាមួយកម្ពុជា និងជាកន្លែងផ្ទុកសម្បត្តិធម្មជាតិប្រេងកាត និងឧស្ម័នរាប់ពាន់លានដុល្លារ។ ការប៉ុនប៉ងពង្រឹងកម្លាំងនាវាចម្បាំង និងនាវាមុជទឹករបស់ថៃកន្លងមក មិនមែនធ្វើឡើងដើម្បីសន្តិភាពនោះទេ ប៉ុន្តែ វាគឺជាការត្រៀមលក្ខណៈបង្កសង្គ្រាម និងដាក់សម្ពាធយោធាមកលើដែនសមុទ្ទកម្ពុជា ទន្ទឹមនឹងភាគីថៃ ទើបតែប្រកាសក្តែងៗកាលពីថ្មីៗ អំពីការលុបចោលអនុស្សារនៃការយោគយល់គ្នា លើព្រំដែនទឹក ឬ MoU ៤៤ ដោយឯកតោភាគី និងតាមទំនើងចិត្ត។ ក្រៅពីនេះ ថៃក៏បានប្រើឥទ្ធិពលយោធារបស់ខ្លួន មកវាទីនិយមលើដែនអធិបតេយ្យកម្ពុជា និងកាន់កាប់ទឹកដីជាច្រើនទីតាំង។

លោក ផៃរ៉ូច ភឿងច័ន្ទ្រ (ไพโรจน์ เฟื่องจันทร์) មេបញ្ជាការកងទ័ពជើងទឹកថៃ បានលើកឡើងកាលពីថ្ងៃទី១៥ ខែឧសភាថា នាវាចម្បាំង Frigate ទាំងនោះនៅតែជាតម្រូវការចាំបាច់ ហើយសំណើនេះ នឹងត្រូវដាក់ជូនសាជាថ្មីសម្រាប់វដ្តថវិកាឆ្នាំ២០២៨។ លើសពីនេះ លោកអះអាងថា កងទ័ពជើងទឹកថៃ បានដឹងពីការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែរាជធានីបាងកកនៅតែខ្វះខាតនាវា ដែលជាតម្រូវការដើម្បីបំពេញតាមការប្រតិបត្តិបច្ចុប្បន្ន។ នេះបង្ហាញថា មេទ័ពជើងទឹកថៃ នៅតែបង្ហាញចរិតរឹងត្អឹងមិនព្រមបោះបង់ចោលមហិច្ឆតាវាទីនិយមពង្រីកកងទ័ពឡើយ៕

លោក ប៉ៃរ៉ូត ហ្វឿងចាន់
លោក ប៉ៃរ៉ូត ហ្វឿងចាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត