
ខេត្តឧប្បលរាជធានី៖ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះ បានវាយប្រហារលើខេត្តឧប្បលរាជធានី (อุบลราชธานี) ប្រទេសថៃ ជាខេត្តផ្តើមមានជម្លោះព្រំដែនជាមួយកម្ពុជា កំលុងឆ្នាំ២០២៥ បណ្ដាលឱ្យផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដ៏ធំ បាក់រលំ ព្រមទាំងធ្វើឱ្យបង្គោលភ្លើងដេកដួលចំនួន១៩ដើម បង្កឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន ខណៈមន្ត្រីជំនាញរត់ខ្វែងជើងគ្នា ដើម្បីជួសជុល និងតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ...។

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ បានបោកបក់លើស្រុកវ៉ារិនឆាំរ៉ាប (อำเภอวารินชำราบ) ខេត្តឧប្បលរាជធានី បណ្ដាលឱ្យផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មដ៏ធំមួយនៅត្រង់ចំណុចប្រសព្វ ផ្សារចម្រើនស្រី (เจริญศรี) បាក់រលំសង្កត់លើបង្គោលភ្លើង បង្កឱ្យមានការខូចខាតយ៉ាងដំណំ។ ការស៊ើបអង្កេតបឋមបង្ហាញថា បង្គោលភ្លើងសរុបចំនួន១៩ដើមត្រូវបានបាក់ និងដួលរលំ។ ហេតុការណ៍នេះ បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅតាមតំបន់ជាច្រើន និងបង្កឱ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ នៅតាមទីតាំងមួយចំនួន ខណៈអាជ្ញាធរបានបិទតំបន់នោះជាបណ្តោះអាសន្ន។ គិតត្រឹមពេលចេញផ្សាយនេះ អាជ្ញាធរថៃ នៅមិនទាន់អាចវាយតម្លៃទំហំនៃការខូចខាតសរុបបាននៅឡើយទេ៕





