អគារកម្ពស់៩ជាន់បាក់រលំនៅហ្វីលីពីន មនុស្សចន្លោះពី៣០ទៅ៤០នាក់ កំពុងបាត់ខ្លួនក្រោមគំនរថ្មបាក់បែក
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងទីក្រុងអេនជេឡាស (Angeles) ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យទី២៤ឧសភានេះ បន្ទាប់ពីអគារកម្ពស់៩ជាន់មួយកន្លែង កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ បានបាក់រលំខ្ទេចខ្ទីទាំងស្រុង...។

លោក ជេយ៍ ប៉េឡាយ៉ូ (Jay Pelayo) មន្ត្រីព័ត៌មាននៃទីក្រុងអេនជេឡាស បានថ្លែងថា ផ្អែកតាមព័ត៌មានបឋមដែលទទួលបានពីមេការនៃការដ្ឋានសំណង់ បានឱ្យដឹងថា ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះកម្មករ និងមនុស្សចន្លោះពី៣០ទៅ៤០នាក់កំពុងបាត់ខ្លួន ដែលត្រូវបានគេជឿថា កំពុងជាប់គាំងនៅក្រោមគំនរនៃអគារដែលបានបាក់ស្រុតនោះ។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ភ្លាមៗ..មនុស្សចំនួន៨នាក់ដែលរស់នៅក្បែរខាងត្រូវបានជួយសង្គ្រោះទាន់ពេល ខណៈមនុស្ស ១១នាក់ផ្សេងទៀត រួមទាំងមេការនៃការដ្ឋានសំណង់ បានរត់គេចខ្លួនចេញពីកន្លែងគ្រោះថ្នាក់បានដោយសុវត្ថិភាព។ បច្ចុប្បន្ន ក្រុមអ្នកជំនាញ និងកម្លាំងសង្គ្រោះបន្ទាន់ កំពុងធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមនុស្សយ៉ាងសស្រាក់សស្រាំ។ ទោះជាយ៉ាងណា លោក ជេយ៍ ប៉េឡាយ៉ូ បញ្ជាក់ថា កិច្ចប្រឹងប្រែងជួយសង្គ្រោះនេះ អាចនឹងជួបប្រទះនូវភាពប្រឈម និងការលំបាកខ្លាំងណាស់ ដោយសារតែរចនាសម្ព័ន្ធអគារទាំងមូលធ្វើឡើងពីបេតុងអាមេ ធ្វើឱ្យគំនរបាក់បែកមានទម្ងន់ធ្ងន់ និងពិបាកក្នុងការចល័ត ឬលើកចេញ ដើម្បីទាញយកមនុស្សមកក្រៅ។ រូបភាពដែលបានចែករំលែកដោយប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា អគារកម្ពស់៩ជាន់នេះ បានក្លាយទៅជាគំនរបេតុង និងដែកវៀចវេរយ៉ាងគួរឱ្យរន្ធត់ ដោយមានសំណាញ់ពណ៌បៃតងគ្របដណ្ដប់ពីលើ។

រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដដែលបណ្ដាលឱ្យមានការបាក់រលំអគារដ៏សាហាវនេះនៅឡើយទេ ខណៈខាងវិស្វករប្រចាំទីក្រុងកំពុងធ្វើការពិនិត្យឡើងវិញនូវប្រវត្តិ និងបច្ចេកទេសនៃការសាងសង់អគារនេះយ៉ាងលម្អិត។ ក្រៅពីការបាក់រលំអគារ គ្រោះថ្នាក់នេះ ក៏បានបណ្ដាលឱ្យប៉ះពាល់ និងដាច់ខ្សែកាបចរន្តអគ្គិសនីនៅក្នុងតំបន់ផងដែរ ដែលបច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើការជួសជុល និងការពារសុវត្ថិភាព។ ជាមួយគ្នា អាជ្ញាធរហ្វីលីពីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​ដែលរស់នៅជុំវិញតំបន់កើតហេតុ ត្រូវផ្តល់កិច្ចសហការខ្ពស់ជាមួយសមត្ថកិច្ច ដើម្បីកុំឱ្យមានការរំខាន ឬពន្យារពេលដល់ប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងជាប់គាំងនៅខាងក្នុងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត