
រដ្ឋធានីម៉ានីល៖ ក្រុមអ្នកជួយសង្គ្រោះបានទាញយកសព៣នាក់ ចេញពីក្រោមគំនរបាក់បែកនៃសំណង់អគារកំពុងសាងសង់មួយកន្លែង ក្នុងប្រទេសហ្វីលីពីន ខណៈមនុស្ស១៧នាក់ផ្សេងទៀតបន្តបាត់ខ្លួន ទន្ទឹមនឹងក្រុមជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការស្វែងរក ខណៈឧបករណ៍ស្កែនរកឃើញសញ្ញានៅក្រោមគំនរបាក់បែក...។

មន្រ្តីហ្វីលីពីនអះអាងថា មានមនុស្ស៣នាក់ស្លាប់ និងជនរងគ្រោះផ្សេងទៀតកំពុងជាប់គាំងនៅខាងក្រោមសំណង់អគារ ព្រោះឧបករណ៍ស្កែនកម្ដៅ បានរកឃើញសញ្ញាដកដង្ហើម និងចលនាបេះដូងនៅក្រោមនោះ។ បច្ចុប្បន្ន មានមនុស្ស១៧នាក់កំពុងបាត់ខ្លួន ដែលភាគច្រើនជាកម្មករសំណង់កំពុងបំពេញការងារនៅការដ្ឋាន។ ក្នុងចំណោមអ្នកស្លាប់ ក៏មានបុរសជនជាតិម៉ាឡេស៊ី អាយុ៦៥ឆ្នាំម្នាក់ផងដែរ។ អាជ្ញាធរ កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ចំពោះករណីបាក់រំលំអគារកម្ពស់ច្រើនជាន់នេះ ស្ថិតក្នុងទីក្រុងអង់ហ្កេឡេស (Angeles) ភាគខាងជើងរដ្ឋធានីម៉ានីល។

យោងតាមឯកសារ អគារដែលបាក់រំលំនេះ ត្រូវបានអនុញ្ញាតឱ្យសាងសង់ជាសណ្ឋាគារ-ខុនដូ កម្ពស់៩ជាន់ ប៉ុន្តែអាជ្ញាធរបានរកឃើញថា មានការលួចសាងសង់អាងហែលទឹកបន្ថែមមួយទៀតនៅជាន់ទី១០ (ដែលជាជាន់ខុសច្បាប់)។ អភិបាលក្រុង អង់ហ្កេឡេស បានប្រាប់អ្នកយកព័ត៌មានថា អាជ្ញាធរកំពុងស្វែងរកខ្លួនម្ចាស់អគារ ដើម្បីធ្វើសេចក្តីបំភ្លឺ និងចង់ដឹងពីចំនួនកម្មករពិតប្រាកដ ដែលបានធ្វើការនៅទីនោះ។ ក្រុមគ្រួសាររបស់ជនរងគ្រោះ ចាប់ផ្តើមអស់ការអត់ធ្មត់ និងខកចិត្តយ៉ាងខ្លាំង ចំពោះភាពយឺតយ៉ាវនៃប្រតិបត្តិការជួយសង្គ្រោះ និងការខ្វះខាតព័ត៌មាន ក៏ដូចជាដំណឹងពីអាជ្ញាធរ៕





