គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយនៅតំបន់ China town ដ៏ចំណាស់ជាងគេនៅលើពិភពលោកក្នុងរដ្ឋធានីម៉ានីល
N
Nary Vann
13 ម៉ោងមុន

រដ្ឋធានីម៉ានីល៖ គ្រោះអគ្គិភ័យដ៏ធំ និងគួរឱ្យរន្ធត់មួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងតំបន់លំនៅឋានប៉ារ៉ូឡា (Parola) ស្ថិតក្នុងសង្កាត់ប៊ីននន់ដូ (Binondo) ដែលជាតំបន់ China Town (ទីប្រជុំជនជនជាតិចិន) ដ៏ចំណាស់ជាងគេបំផុតលើលោក នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៣ ខែឧសភាម្សិលមិញ...។

អណ្ដាតភ្លើងបានឆេះរីករាលដាល និងឆ្លងយ៉ាងលឿនទៅកាន់តំបន់ជាប់ពាក់ព័ន្ធក្នុងតំបន់ឆាយណាថោនដែលមានមនុស្សរស់នៅកកកុញ ធ្វើឱ្យអាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នសម្រេចចិត្តដំឡើងកម្រិតប្រកាសអាសន្ននៃគ្រោះអគ្គិភ័យ ដល់កម្រិតធ្ងន់ធ្ងរបំផុត។ ភ្លាមៗក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ដោយសារតែទំហំនៃអគ្គិភ័យនេះមានភាពធំធេងពេក អាជ្ញាធររដ្ឋធានីម៉ានីល មិនត្រឹមតែស្វែងរកជំនួយពីរថយន្តពន្លត់អគ្គិភ័យមកពីបណ្ដាទីក្រុងជិតខាងនោះទេ ថែមទាំងបានស្នើសុំកិច្ចសហការ និងជំនួយជាបន្ទាន់ពីកងទ័ពអាកាសហ្វីលីពីន ដើម្បីជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ពីលើអាកាសផងដែរ។

ស្របពេលដែលប្រតិបត្តិការពន្លត់អណ្ដាតភ្លើងកំពុងធ្វើឡើងយ៉ាងដុតដៃដុតជើង អាជ្ញាធរហ្វីលីពីន បានចេញសេចក្តីណែនាំ និងដាស់តឿនដល់ប្រជាពលរដ្ឋស៊ីវិលទាំងអស់ នៅឱ្យឆ្ងាយពីតំបន់ដេលព៉ាន់ (Delpan) និងតំបន់ប៊ីនន់ដូជាដាច់ខាត ដើម្បីបើកផ្លូវ និងទុកលម្ហទីតាំងឱ្យរថយន្តពន្លត់អគ្គិភ័យ ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់នានា អាចធ្វើដំណើរឆ្លងកាត់ទៅមកបានដោយងាយស្រួល និងគ្មានការរំខាន។ រហូតមកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់បញ្ចេញរបាយការណ៍ផ្លូវការណាមួយ ទាក់ទិននឹងចំនួនមនុស្សរងគ្រោះថ្នាក់ បាត់បង់ជីវិត ឬទំហំនៃការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ ខណៈការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដដែលបង្កឱ្យមានការឆាបឆេះនេះ កំពុងត្រូវបានសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត