
ក្រុងកំពត៖ មន្រ្តីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថជាច្រើននាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពួកគេធ្វើសកម្មភាពគប់គិតគ្នាចូលលួចសម្ភារមានតម្លៃ នៅកាស៊ីណូមួយក្នុងតំបន់ព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត ដែលសមត្ថកិច្ចធ្លាប់ចុះបង្ក្រាបកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសអនឡាញស្កេម (Online Scams)...។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានគូសបញ្ជាក់យ៉ាងដូច្នេះថា ពាក់ព័ន្ធដំណឹងខាងលើនេះ គឺជាការពិត ហើយពេលនេះ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនក្រុមមន្ត្រីនគរបាល និងមន្ត្រីកងរាជអាវុធហត្ថដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ទៅតុលាការហើយ។ ប៉ុន្តែ..ចំពោះចំនួនមន្ត្រីនគរបាល និងចំនួនមន្ត្រីកងរាជអាវុធហត្ថដែលបានប្រព្រឹត្តសកម្មភាពលួចសម្ភារនៅកាស៊ីណូមួយក្នុងតំបន់ព្រែកចាកនោះ មិនត្រូវបានលោកស្នងការបញ្ជាក់លម្អិតតួលេខឡើយ។

យ៉ាងណា មានការទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនារសៀលថ្ងៃពុធទី២៧ ខែឧសភានេះថា អ្នកជាប់ពាក់ព័ន្ធរឿងលួចសម្ភារនៅកាស៊ីណូបង្កប់បទល្មើសអនឡាញស្កេមនោះ មានឋានៈរាប់ចាប់ពីស្នងការរង, អធិការស្រុក, អធិការរង និងមន្រ្តីកងរាជអាវុធហត្ថ រហូតទៅដល់ជាង៣០នាក់ឯណោះ ដែលបានរួមដៃគ្នាចូលលួចសម្ភារមានតម្លៃនៅទីតាំងកាស៊ីណូ ដែលត្រូវបានអាជ្ញាធរបិទទ្វារ និងចងខ្សែស៊ីលហ៊ុំព័ទ្ធបណ្ដោះអាសន្ន បន្ទាប់ពីបើកប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញស្កេមក្នុងកាស៊ីណូខាងលើ កាលពីពេលថ្មីៗ៕



