ក្រោមទុនវិនិយោគ៣០លានដុល្លារ រោងចក្រថ្មីមួយនៅខេត្តត្បូងឃ្មុំ អាចផលិតកែច្នៃកៅស៊ូ១០ម៉ឺនតោនក្នុងមួយឆ្នាំ
អុន សម្ផស្ស
27 ឧសភា 2026 11:45 AM

ក្រុងសួង៖ ស្ថិតលើផ្ទៃដី១៥ហិកតា រោងចក្រផលិតកែច្នៃកៅស៊ូថ្មី១មានតម្លៃ៣០លានដុល្លារអាម៉េរិក ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះតទៅ...។

ក្នុងពិធីសម្ពោធរោងចក្រក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រោងចក្រផលិតកែច្នៃកៅស៊ូថ្មីនេះ គឺជាសមិទ្ធផលសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មកសិ-ឧស្សាហកម្ម និងលើកកម្ពស់តម្លៃបន្ថែម នៃផលិតផលកៅស៊ូធម្មជាតិរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ។ សម្តេចថ្លែងបញ្ជាក់ថា៖«សមិទ្ធផលនេះ ក៏នឹងចូលរួមចំណែកដល់ការលើកកម្ពស់ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម តាមរយៈការផលិតកែច្នៃជ័រកៅស៊ូក្រែបកម្រិតអន្តរជាតិ ដើម្បីនាំចេញទៅក្រៅប្រទេស និងដើម្បីផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក»

ក្នុងន័យនេះ សម្តេចបន្ថែមថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ​ (ខេមបូឌា)​ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ Mainland Group កំពុងឆ្លុះបញ្ចាំងពីសារសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត​ និងភាពជឿជាក់របស់វិនិយោគិនទាំងខ្មែរ និងបរទេស មកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។ រោងចក្រផលិតកែច្នៃកៅស៊ូសម្ពោធថ្មីនេះ រួមចំណែកយ៉ាងសំខាន់នៃការលើកកម្ពស់វិស័យដំណាំកៅស៊ូនៅកម្ពុជា ដោយអាចបង្កើនសមត្ថភាពនៃការផលិតប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ បង្កើត និងផ្តល់ការងារដល់ប្រជាជនកម្ពុជា ដោយផ្ទាល់នៅរោងចក្រចំនួនប្រមាណ​ ៣០០កន្លែង និងប្រយោល (អ្នកចៀរជ័រកៅស៊ូ)​ ប្រមាណជាង៥ម៉ឺនកន្លែងបន្ថែម ក៏ដូចជាចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ។  

គួរជ្រាបថា ក្នុងឆ្នាំ២០២៥ ចំណូលសរុបបានពីការលក់​ផលិតផលជ័រ​កៅស៊ូមាន​ចំនួន​៨៣៣លានដុល្លារ ​កើនឡើងប្រមាណ ​២៤ភាគរយបើធៀបនឹងឆ្នាំ​២០២៤ ក្នុងនោះមួយផ្នែកដោយសារតម្លៃ​កៅស៊ូកើនឡើង ​រួមទាំងចំនួនផ្ទៃដីដាំដុះក៏កើនឡើង។​ ដោយឡែក​ ចំណូលពីការនាំចេញប្រមាណ៦០៤លានដុល្លារ ​ថយចុះ​៩,១ភាគរយ ​ប៉ុន្តែចំណូលពីការលក់​ជ័រ​កៅស៊ូ​ ក្នុង​ស្រុក ប្រមាណ២២៣លានដុល្លារ ​កើនឡើង១៣១ភាគរយ ​ពោលគឺលក់ក្នុងស្រុក ដើម្បីបំពេញតម្រូវការច្រើន​ជាង​នាំចេញ ខណៈរោងចក្រផលិតសំបកកង់រថយន្តខ្មែរ កំពុងប្រើប្រាស់ផលិតផលកៅស៊ូក្នុងប្រទេសផ្ទាល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត