គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះពិនិត្យស្ថានភាពទឹកជំនន់នៅខេត្តត្បូងឃ្មុំ
អុន សម្ផស្ស
01 តុលា 2025 12:00 PM

ក្រុងសួង៖ ស្របពេលទឹកជំនន់បន្តវាយប្រហារតាមបណ្តាខេត្តមួយចំនួនជាប់មាត់ទន្លេមេគង្គ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យមើលស្ថានភាពទីទួលសុវត្ថិភាពចំនួនពីរនៅឃុំជីរោទិ៍ និងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ...។

ក្នុងឱកាសនោះ លោក គន់ គីម បានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ដែលរស់នៅក្នុងតំបន់រងគ្រោះ ឱ្យតាមដានស្ថានភាពទឹក និងរៀបចំខ្លួនឱ្យបានរួចជាស្រេច ដើម្បីជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលកំពុងរស់នៅទីទួលសុវត្ថិភាព ត្រូវយកចិត្តទុកដាក់រក្សាអនាម័យ សុខភាព បរិស្ថាន ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។ តាមរបាយការណ៍ កម្ពស់ទឹកទន្លេមេគង្គនៅថ្ងៃទី១តុលា បានហក់ឡើងដល់១៤,២៦ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ។ ដ្បិតតែកម្ពស់ទឹកមិនទាល់ឡើងដល់កម្រិតប្រកាសប្រុងប្រយ័ត្ន តែលំនៅឋានពលរដ្ឋជាច្រើនគ្រួសារកំពុងរងគ្រោះដោយទឹកជំនន់។ 

គួរកត់សម្គាល់ថា ក្រៅតែពីខេត្តត្បូងឃ្មុំខេត្តមួយចំនួនទៀតរបស់កម្ពុជា ក៏បាននឹងកំពុងមានការជន់លិចតំបន់មួយចំនួនផងដែរ ជាក់ស្តែង ក្នុងថ្ងៃទី១តុលានេះ ខេត្តក្រចេះ និងខេត្តពោធិ៍សាត់ ក៏បានប្រកាសព្រមៗគ្នាឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះហេតុការណ៍ទឹកជំនន់ ខណៈស្ថានភាពទឹងទន្លេនៅតែបន្តកើនឡើងឥតឈប់ឈរ៕
រាយការណ៍ដោយ៖SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត