ចូលឆ្នាំ៣ថ្ងៃ៖ មនុស្សជាង១លាននាក់ ដើរលេងនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ​
S
Sreyleak Yith
17 មេសា 2025 10:00 AM

ត្បូងឃ្មុំ-ក្រចេះ ៖ រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ មានមនុស្សដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តសរុបប្រមាណជាង១លាននាក់។ 

មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ​ បានគូសបញ្ជាក់ថា ក្នុងថ្ងៃបុណ្យចូលឆ្នាំ ពលរដ្ឋភាគច្រើនទៅលេងនៅតំបន់រដ្ឋបាលសាលាខេត្ត រមណីយដ្ឋាន ហ្លួងព្រះស្តេចកន រមណីយដ្ឋាន ព្រះធាតុបាស្រី និងសួនទន្លេស្ងួត រមណីយដ្ឋាន តាសែដូងក្រអូប រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ និងរមណីយដ្ឋាន ទឹកធ្លាក់ហោង។​ មន្ទីរទេសចរណ៍បន្ថែមថា ឆ្នាំនេះ ខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ រួមមាន លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត ហើយជាពិសេស នាពេលយប់ ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បីៗ និងការបាញ់កាំជ្រួចអមជាមួយការតុបតែងភ្លើងលម្អផងដែរ។ 

ដោយទ្បែកខេត្តក្រចេះវិញ មន្ទីរទេសចរណ៍ បង្ហាញរបាយការណ៍ថា ចូលឆ្នាំ៣ថ្ងៃនេះ ខេត្តក្រចេះ មានមនុស្សមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តចំនួនជិត៣សែននាក់។ ​​​ទោះពិធីចូលឆ្នាំចប់ហើយក្តី តែរដ្ឋបាលខេត្តនេះ នៅបន្តរៀបចំសង្ក្រាន្តក្នុងទីរួមខេត្ត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥៕ រាយការណ៍ដោយ៖​ SN ទីភ្នាក់ងារប្រចាំតំបន់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត