ចៅហ្វាយខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាធរត្រៀមទីទួលសុវត្ថិភាពជម្លៀសពលរដ្ឋ ក្នុងពេលទឹកទន្លេហក់ឡើង
អុន សម្ផស្ស
06 សីហា 2025 08:00 AM

ក្រុងសួង៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន កុសល្យ កាលពីថ្ងៃអង្គារទី៥សីហា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងបញ្ជាឱ្យអាជ្ញាធរតំបន់ត្រៀមទីទួលសុវត្ថិភាពសម្រាប់ពលរដ្ឋដែលត្រូវភៀសខ្លួននៅពេលទឹកទន្លេមេគង់ក្នុងខេត្តហក់ឡើងខ្លាំង..។

ការអំពាវនាវរបស់អភិបាលខេត្តត្រូវបានធ្វើឡើង ក្នុងកំលុងពេលចុះត្រួតពិនិត្យទីទួលសុវត្ថិភាពចំនួន២ទីតាំងនៅស្រុកត្បូងឃ្មុំ និងសំណេះសំណាល សួរសុខទុក្ខពលរដ្ឋដែលជម្លៀស និងនាំសត្វពាហនៈ មករស់នៅបណ្ដោះអាសន្នតាមទីទួលសុវត្ថិភាពទាំងនេះកាលពីថ្ងៃអង្គារ។ ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ ជំរុញដល់អាជ្ញាធរស្រុក-ឃុំ ត្រៀមរៀបចំសម្អាត កាប់ឆ្ការព្រៃ ជួសជុល និងកែលម្អនៅជុំវិញទួលសុវត្ថិភាព ដើម្បីបង្កលក្ខណៈងាយស្រួយនៅពេលជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ។

លោក ប៉ែន កុសល្យ ថ្លែងថា៖«អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ក្នុងការត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋ នៅពេលដែលមានគ្រោះមហន្តរាយទឹកជំនន់ឡើងខ្លាំង»។ ម៉្យាងវិញទៀត អាជ្ញាធរតំបន់ ត្រូវតាមដានត្រួតពិនិត្យជាប្រចាំនូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យ ដែលអាចគំរាមកំហែង ផ្សេងៗ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ និងអគ្គិភ័យ ជាដើម សម្រួលដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ។ ទន្ទឹមគ្នានោះ ក៏ត្រូវផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ លើសុខភាពអនាម័យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ 

ក្រៅតែពីបញ្ជាដល់មន្ត្រីពាក់ព័ន្ធក្រោមឱវាទ ឱ្យជួយសម្រួលដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀស លោកអភិបាលខេត្តក៏បាន ប្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ងាយរងគ្រោះ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារប្រើប្រាស់ ក៏ដូចជាឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ។

តាមអាជ្ញាធរ នៅឃុំទន្លេបិទ មានទីតាំងសុវត្ថិភាពចំនួនពីរដែលពលរដ្ឋអាចជម្លៀសទៅស្នាក់នៅបាន ពេលរងនៅគ្រោះទឹកជំនន់។ ទីតាំងទាំងនោះរួមមាន៖ទី១.នៅបរិវេណដីឡូតិ៍ ឧកញ៉ា អាន ម៉ាឌី ស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ និងទីតាំងទួលសុវត្ថិភាពទី២ នៅបរិវេណដីឡូតិ៍ ឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតនៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ សូមជម្រាបខ្លីថា តាមការព្យាកររបស់ក្រសួងធនធានទឹក កម្ពុជានឹងបន្តទទួលរងនូវឥទ្ធិពលតិចតួចពីព្យុះទី១០ឈ្មោះបាយលូ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បណ្ដាលឱ្យមានភ្លៀងធ្លាក់ទូទាំងប្រទេសប្រមាណ១០ទៅ១៥ភាគរយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត