
រដ្ឋធានីប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងជើង ឆាប់បំផុតនៅសប្តាហ៍ក្រោយ (ចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២៦)។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់ (Yonhap) របស់កូរ៉េខាងត្បូង ដោយផ្អែកលើប្រភពពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទម្លាយចេញ...។

ប្រភពដដែលបានបង្ហើបថា ក្រុមមន្ត្រីសន្តិសុខ និងមន្ត្រីពិធីការរបស់ចិន ត្រូវបានគេប្រទះឃើញថា បានទៅដល់រដ្ឋធានីព្យុងយ៉ាងរួចរាល់ហើយ ដើម្បីរៀបចំផែនការទុកជាមុនសម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់មួយនេះ។ ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់កូរ៉េខាងជើង នាពេលនេះ កើតឡើងភ្លាមៗបន្ទាប់ពីលោកទើបតែទទួលស្វាគមន៍លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាពេលថ្មីៗនេះ។ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង បានវាយតម្លៃថា លោក ស៊ី ជីនពីង នឹងព្យាយាមដើរតួជា «អ្នកសម្របសម្រួល» ដ៏សំខាន់ម្នាក់រវាងលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដើម្បីស្វែងរកការចរចាសន្តិភាពឡើងវិញ។

គួររំលឹកផងដែរថា ប្រទេសចិន គឺជាខ្នងបង្អែកសេដ្ឋកិច្ច និងនយោបាយដ៏ធំបំផុតរបស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការស្តារទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធឡើងវិញ បន្ទាប់ពីមានភាពរកាំរកូសបន្តិចបន្តួចអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ កាលពីឆ្នាំមុន លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅរដ្ឋធានីប៉េកាំង ដើម្បីចូលរួមនៅក្នុងពិធីព្យុហយាត្រាយោធាដ៏ធំមួយ ជាមួយលោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។ ស្របពេលជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ដែលធ្លាប់បានជួបលោក គីម ជុងអ៊ុន ចំនួន៣ដងរួចមកហើយនៅក្នុងអាណត្តិដំបូងរបស់លោក ក៏បានប្រកាសថ្មីៗនេះដែរថា លោកនៅតែបើកចំហជានិច្ចក្នុងការជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងជាថ្មី ដោយសារតែលោកមានទំនាក់ទំនងផ្ទាល់ខ្លួនល្អជាមួយលោក គីម៕



