តុលាការឡាវកាត់ទោសប្រ.ហា.រជីវិត មេខ្លោងគ្រឿងញៀនម្នាក់
ហៀប ស៊ីថេត
5 ម៉ោងមុន

រដ្ឋធានីវៀងចន្ទន៍៖ តុលាការប្រជាជនឡាវ បានកាត់ទោសប្រហារជីវិតបុរសម្នាក់ និងកាត់ទោសបុរស២នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារ ក្នុងករណីជួញដូរគ្រឿងញៀនដាច់ដោយឡែកពីគ្នា។ នេះបើតាមការចុះផ្សាយដោយកាសែត The Laotian Times នាថ្ងៃទី២១ ខែមេសា។

មានឈ្មោះ សៃហ្វូន (ໄຊພອນ) អាយុ៣២ឆ្នាំ ជាអាជីវករនៅស្រុកណាន (ນານ) ខេត្តហ្លួងព្រះបាង ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ពីបទជួញដូរថ្នាំញៀនមេតំហ្វេតាមីន ហើយពេលនេះ ត្រូវបានសាលក្រមកាត់ទោសប្រហារជីវិត។ ក្នុងករណីដាច់ដោយឡែកមួយទៀត ឈ្មោះ កៅ យុយហ៊ូវ (Cao Duy Hậu) អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម បម្រើការងារនៅស្រុកភួង (ພູວົງ) រដ្ឋធានីវៀងចន្ទន៍ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ជាមួយថ្នាំញៀនមេតំហ្វេតាមីនចំនួន ១០០គ្រាប់។ តុលាការបានផ្ដន្ទាទោសរូបគេឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់ ៤៥៥ដុល្លារ។

មួយទៀត គឺឈ្មោះ ហួរ សុង (ຫົວ ເພງ) អាយុ៤៤ឆ្នាំ ជាកសិករមកពីស្រុកហ៊ីនហឺ (ຫີນເຫີບ) រដ្ឋធានីវៀងចន្ទន៍ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងករណីជួញដូរថ្នាំញៀនមេតំហ្វេតាមីនចំនួន៦៩៦គ្រាប់។ បុគ្គលរូបនេះ ត្រូវដាក់ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ និងពិន័យជាប្រាក់ជាង២០០០ដុល្លារ។​ គួរបញ្ជាក់ថា ថ្វីបើឡាវនៅតែរក្សាទោសប្រហារជីវិតសម្រាប់បទល្មើសធ្ងន់ធ្ងរ រួមទាំងការជួញដូរគ្រឿងញៀនក៏ដោយ ប៉ុន្តែប្រទេសនេះ មិនមានការអនុវត្តការប្រហារជីវិតជាក់ស្តែងណាមួយឡើយ ចាប់តាំងពីឆ្នាំ១៩៨៩មក ខណៈបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុតមួយនៅក្នុងប្រទេសឡាវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត