សត្វកាំ​ប្រមា២​ក្បាលទទួលពីខេត្តជាប់ព្រំដែនថៃឈ្លានពាន នឹងត្រូវដោះលែងចូលព្រៃ​ធម្មជាតិ​​​​ក្នុងតំបន់​អង្គរ​
អុន សម្ផស្ស
7 ម៉ោងមុន

ក្រុងសៀមរាប៖ អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​(CWC) កាលពី​រសៀល​ថ្ងៃ​ទី​​២៥ ខែ​ឧសភា ឆ្នាំ​២០២៦​​ បាន​នាំ​យក​សត្វ​កាំ​ប្រមា​​ចំនួន​២​ក្បាលប្រគល់​ជូន​អាជ្ញា​ធរ​​​ជាតិ​អប្សរា ដើម្បី​ផ្សាំងទុក​​មួយ​រយៈ មុន​នឹង​ប្រលែង​ឱ្យ​រស់​នៅ​តាម​ធម្មជាតិ​​​នៅ​ក្នុង​ព្រៃ​តំបន់​អង្គរ​។ ​ប្រធាន​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា (​CWC) បញ្ជាក់ថា សត្វកាំ​ប្រមាទាំង​ពីរ​​ក្បាលនេះ គឺ​​​ទទួល​បានពី​មេ​បញ្ជាការ​យោធា​មួយ​រូប​ នៅ​តំបន់​អូរស្មាច់ ​ខេត្ត​ឧត្តរ​មានជ័យ បន្ទាប់​ពីមាន​សង្គ្រាម​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ ​កើត​ឡើង​...។​

លោក ​ទ្រី ស៊ីថេង​​ ប្រធាន​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា (​CWC) លើកឡើងថា  ដោយសារ​​​ម្ចាស់សត្វកាំ​ប្រមាទាំងពីរនេះ ​រវល់​​រឿង​ការពារ​ព្រំដែន​ ​ម្យ៉ាង​ទៀត​ក៏ចង់​ឱ្យ​សត្វ​ដែល​គាត់​ចិញ្ចឹម​ទាំង​ពីរ​មាន​សុវត្ថិភាព​ផង គាត់ក៏សម្រេចប្រគល់​វា​មក​ឱ្យ​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​យក​មក​ថែរក្សា​តែ​ម្ដង។​ ក្រោយទទួលបានពីម្ចាស់ដើម ប្រធាន​អង្គការ​គាំពារ​សត្វ​ព្រៃ​កម្ពុជារូបនេះ ក៏នាំសត្វទាំងពីរមកប្រគល់បន្តឱ្យអាជ្ញា​ធរ​​​ជាតិ​អប្សរា​ ថែ​រក្សា​បន្តនៅតំបន់អង្គរ។ លោកប្រធាន​អង្គការ​រំពឹងថា៖«​នៅ​ពេល​​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិមក​ទស្សនា​អង្គរ ​ គឺ​មិន​ត្រឹម​តែ​ឃើញ​ប្រាសាទ​បុរាណ​តែ​ប៉ុណ្ណោះ​ទេ ​គឺ​ចង់​ឱ្យ​ភ្ញៀវ​ទេសចរ​ បាន​ឃើញ​ទាំង​សម្បត្តិ​ធម្មជាតិ និង​សត្វ​ព្រៃ​ផង​ដែរ​»។​

ហាក់មិនខុសគ្នា លោក​ នីក ម៉ាក (Nick Marx) អ្នក​ជំនាញ​របស់​អង្គការ​​ដដែល និង​ជា​ទីប្រឹក្សា​ផ្នែក​ជីវ​ចម្រុះ​​ របស់​អាជ្ញាធរជាតិអប្សរា លើកឡើងថា កាំ​ប្រមា​ពីរ​ក្បាល​ ដែល​យក​មក​ប្រគល់​ជូន ​អាជ្ញាធរ​​ជាតិ​អប្សរា​ ពេល​នេះ ​ មិនទាន់​ដោះ​លែង​ឱ្យ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ភ្លាមៗ​បាន​ទេ។ ​ ខណៈពួកវា​ត្រូវ​ផ្សាំង​ឱ្យ​ស៊ាំ​នឹង​បរិស្ថាន​​ជា​មុន​សិន ​ មុន​ពេល​ដោះលែងឱ្យ​ទៅ​រស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​ដោយ​ខ្លួន​ឯង​។ លោក​ នីក ម៉ាក ​បញ្ជាក់​ថា៖«នេះ​ជា​លើក​ទី​១​​ហើយ ដែល​អង្គ​ការ​​គាំពារ​សត្វ​ព្រៃ​កម្ពុជា ​បាន​យក​សត្វ​កាំ​ប្រមាមក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ​ឱ្យ​​ដោះ​លែង​ក្នុង​ព្រៃ​អង្គរ​»។ ​ អ្នក​ជំនាញ​សត្វ​ព្រៃ​រូប​នេះ​ បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​សត្វ​កាំ​ប្រមាថា​​ សត្វ​នេះ ក៏​ដូច​ជា​សត្វព្រៃ​ដទៃ​ទៀត​ដែរ ​ គឺ​មាន​តួនាទី​ជួយ​ឱ្យ​ប្រព័ន្ធ​ជីវ​ចម្រុះ​ធម្មជាតិ ​កាន់​តែ​សម្បូរបែប​ឡើង ​តាម​រយៈ​ការ​ស៊ី​ផ្លែ ​ហើយ​ពាំ​គ្រាប់​យក​ទៅ​តាម​កន្លែង​ផ្សេង​ៗ ធ្វើ​ឱ្យ​កូន​ឈើ​ដុះ​លូត​លាស់​។

ថ្លែងក្នុងពេលជាមួយគ្នា លោក​ ជូរ៉ា ​ឌីណា ​អនុ​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ​ព្រៃ​ឈើ និង​ហេដ្ឋារចនា​សម្ព័ន្ធ កត់សម្គាល់ថា ​ក្នុង​ព្រៃ​តំបន់​អង្គរ ក៏មាន​សត្វ​កាំ​ប្រមាមួយ​​ចំនួន​កំពុង​រស់នៅ​ដែរ។ ​ហេតុនេះ លោករំពឹង​ថា សត្វកាំ​ប្រមា​ចំនួន​២​ក្បាល ដែល​ត្រូវលែង​នៅ​​ព្រៃ​ក្នុងតំបន់អង្គរ​​ អាច​នឹង​មាន​សម្ព័ន្ធភាពជាមួយសត្វ​ ដែល​រស់​នៅ​ក្នុង​ព្រៃ​អង្គរ​ជា​យូរ​មក​ហើយ ​ព្រមទាំង​អាចបង្កើត​កូនចៅ​បាន​កាន់​​តែ​ច្រើន​ នៅ​ពេល​ខាង​មុខ​ថែម​ទៀត​ ធ្វើ​ឱ្យ​ចំនួន​សត្វកាំ​ប្រមានៅ​ក្នុង​ព្រៃ​អង្គរ​មាន​ចំនួន​កើន​ឡើង​បន្ថែម​ទៀត​។ គួរជ្រាបថា ចាប់តាំងពីឆ្នាំ២០១៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ទទួលបានជោគជ័យ ដោយដោះលែងសត្វព្រៃជាច្រើនប្រភេទ ចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ។

សត្វទាំងនោះរួមមាន៖ សត្វទោចមកុដចំនួន១៧ក្បាល (កើតកូនបានចំនួន៩ក្បាល), សត្វឈ្លូស (Red Muntjac) ចំនួន៧ក្បាល, សត្វស្វាព្រាហ្មណ៍ ឬស្វាព្រាមចំនួន១២ក្បាល (កើតកូនបាន១៨ក្បាល), សត្វសំពោចក្រអូបចំនួន៧ក្បាល, សត្វភេខ្លួនរលោងចំនួន១៥ក្បាល (កើតកូនបានចំនួន១២ក្បាល), សត្វឆ្មាដាវចំនួន៣ក្បាល, សត្វកេងកងតូចចំនួន៩ក្បាល, សត្វកេងកងធំចំនួន៦ក្បាល, សត្វភូវាំងចំនួន៧ក្បាល, សត្វក្ងោកចំនួន៩ក្បាល, សត្វអន្សងចំនួន២ក្បាល, សត្វពង្រូលចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ បច្ចុប្បន្នសត្វទាំងអស់នោះ នៅតែបន្តវត្តមាន ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារជំនាញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត