ប្រធានសភាពាណិជ្ជកម្មអ៊ីនឆ័ន បង្ហាញពីវិនិយោគិនកូរ៉េជាច្រើន កំពុងស្វែងរកឱកាសបណ្ដាក់ទុននៅកម្ពុជា
S
Soriya Sou
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោក ផាក ជូបុង ប្រធានក្រុមហ៊ុន Daejoo KC Group និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាព ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ…។

ថ្លែងក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោក ផាក ជូបុង បានថ្លែងអំណរគុណសម្ដេចតេជោដែលអនុញ្ញាតឱ្យលោកចូលជួប និងបានលើកឡើងនូវទិដ្ឋភាពបរិយាកាសនៃការវិនិយោគក្នុងប្រទេសកម្ពុជា។ ដោយសារកម្ពុជាជាប្រទេសមានសុវត្ថិភាព ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន អះអាងថា ពេលនេះ ក្រុមអ្នកវិនិយោគកូរ៉េ កំពុងស្វែងរកឱកាសបន្ថែមទៀត ដើម្បីមកធ្វើការវិនិយោគនៅកម្ពុជា ពិសេស ទៅលើវិស័យកសិកម្ម ដោយផ្ដោតសំខាន់ទៅលើដំណាំស្វាយចន្ទី។ ជាការឆ្លើយតប សម្ដេចប្រមុខរដ្ឋស្តីទី បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់អ្នកវិនិយោគនៃសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជា។ សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្ត ចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្ម ពោលគឺស្វាយចន្ទីនេះ។

សម្ដេចមានប្រសាសន៍ថា ប្រទេសកម្ពុជា មានផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេស ផលិតផលកសិកម្មដែលជាវត្ថុធាតុដើម។ សម្ដេចគូសរំលេចថា អ្វីដែលកម្ពុជាត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃកសិផលរបស់កម្ពុជា ដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង។ សម្ដេចប្រមុខរដ្ឋស្តីទី អះអាងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ដូច្នេះ តាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េ មកកាន់កម្ពុជានៅពេលនេះ គឺជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានជូនពរឱ្យក្រុមអ្នកវិនិយោគកូរ៉េ ជាពិសេស ក្រុមអ្នកវិនិយោគរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឆ័ន ទទួលបានឱកាសវិនិយោគបន្ថែមនៅកម្ពុជា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត