ក្រសួងមហាផ្ទៃ ទាត់ចោលព័ត៌មានបំភ្លៃ«កម្ពុជាបិទព្រំដែនទាំងស្រុង និងហាមមិនឱ្យជនបរទេសអាយុក្រោម៤០ឆ្នាំចូល»
អុន សម្ផស្ស
8 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានមិនពិតជាភាសាចិន នៅលើបណ្តាញសង្គម WeChat ដែលអះអាងថា កម្ពុជាបានបិទការចូលប្រទេសជាបណ្តោះអាសន្ន និងហាមឃាត់ជនបរទេសអាយុក្រោម៤០ឆ្នាំ មិនឱ្យ​ចូលមកកម្ពុជា…។

តាមរយៈសេចក្តីបំភ្លឺព័ត៌មាន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងមហារផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពីថ្ងៃទី២៦ឧសភាតទៅ។ ក្នុងការចុះផ្សាយជាភាសាចិនដដែលនោះ ក៏បានអះអាងបន្ថែមថា អ្នកដំណើរបរទេស ដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ ក៏ត្រូវហាមឃាត់មិនឱ្យចូលកម្ពុជាដែរ។

ក្រសួងមហាផ្ទៃកម្ពុជា បានធ្វើការ«បដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មានក្លែងក្លាយ និងចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយ ពុំដែលរើសអើងជាតិសាសន៍នានា ក្នុងទំនាក់ទំនងអន្តរជាតិ»។ ផ្ទុយមកវិញក្រសួងបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ ពោលគឺគ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីកម្ពុជា ជាពិសេស ភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។

ជាក់ស្តែង កម្ពុជាបានផ្តល់ការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខ។ បន្ថែមលើនេះ ក្រសួងមហាផ្ទៃបញ្ជាក់ថា នៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលគឺពុំមានការផ្លាស់ប្ដូរណាមួយ ធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជា ដូចការប្រឌិតព័ត៌មានខាងលើនេះឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាប!..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត