
រដ្ឋធានីព្យុងយ៉ាង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសបញ្ជាឱ្យកែទម្រង់ និងពង្រឹងកងទ័ពជួរមុខដែលស្ថិតនៅជាប់ព្រំដែនជាមួយកូរ៉េខាងត្បូង ឱ្យក្លាយទៅជា «មហាកំពែងដែកថែបដែលមិនអាចជ្រៀតជ្រែកបាន»។ វិធានការបញ្ចេញចង្កូមដាក់សត្រូវបងប្អូនរួមផ្ទៃលើកនេះ ត្រូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ផ្សាយថា ជាយុទ្ធសាស្ត្រគន្លឹះដើម្បីទប់ស្កាត់សង្គ្រាមឱ្យកាន់តែមានប្រសិទ្ធភាព ស្របពេលស្ថានភាពសន្តិសុខក្នុងតំបន់កំពុងស្ថិតក្នុងភាពផុយស្រួយ...។

នៅក្នុងកិច្ចប្រជុំដ៏មានឥទ្ធិពលមួយជាមួយបណ្ដាមេបញ្ជាការកងពលធំ និងកងពលតូចមកពីទូទាំងប្រទេស លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការកែប្រែប្រព័ន្ធហ្វឹកហ្វឺន និងពង្រីកការធ្វើសមយុទ្ធជាក់ស្ដែង ដើម្បីឱ្យស្របទៅនឹងការវិវត្តនៃទម្រង់សង្គ្រាមសម័យទំនើប។ មេដឹកនាំរូបនេះ បានបញ្ជាឱ្យកំណត់ឡើងវិញនូវគំនិតប្រតិបត្តិការយោធា ដើរឱ្យទាន់ការធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្រ និងឧបករណ៍បច្ចេកវិទ្យាយោធាចុងក្រោយបង្អស់របស់កងទ័ពកូរ៉េខាងជើង ដោយត្រូវយកទៅអនុវត្តផ្ទាល់ក្នុងការហ្វឹកហ្វឺនប្រយុទ្ធ។

ក្រៅពីការរៀបចំយុទ្ធសាស្ត្រលើសមរភូមិ លោក គីម ជុងអ៊ុន ក៏មិនភ្លេចដុតអារម្មណ៍កងទ័ពខ្លួន ដោយបានសង្កត់ធ្ងន់លើភក្តីភាពផ្នែកមនោគមវិជ្ជា និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតប្រឆាំងនឹងអ្វីដែលលោកហៅថា «សត្រូវសួពូជ» ជាពាក្យស្លោកដ៏មុតស្រួចសំដៅលើប្រទេសកូរ៉េខាងត្បូង។ អ្នកវិភាគមើលឃើញថា ការប្រកាសប្រែក្លាយព្រំដែនឱ្យទៅជាបន្ទាយសឹកដ៏រឹងមាំនៅពេលនេះ គឺជាសារព្រមានបាញ់ឆ្ពោះទៅកាន់រដ្ឋធានីសេអ៊ូល និងវ៉ាស៊ីនតោន ថា រដ្ឋធានីព្យុងយ៉ាងបានត្រៀមខ្លួនរួចរាល់សម្រាប់សេណារីយ៉ូប៉ះទង្គិចគ្នាណាមួយ ហើយនឹងមិនអនុញ្ញាតឱ្យសត្រូវឈានជើងចូលទឹកដីខ្លួន សូម្បីតែមួយជំហានឡើយ៕





