កូរ៉េខាងត្បូងផ្អាកទទួលពលករថៃទៅធ្វើការ និងដាក់ចូលបញ្ជីខ្មៅ ក្រោយរកឃើញករណីរត់ចោលការងារ
N
Nary Vann
4 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖​ ប្រទេសកូរ៉េខាងត្បូង បានសម្រេចដាក់ខេត្តចំនួន៤នៅភាគឦសាននៃប្រទេសថៃ បញ្ចូលក្នុង«បញ្ជីខ្មៅ»ដោយផ្អាកការនាំចូលពលករតាមរដូវកាលសម្រាប់ផ្នែកកសិកម្ម និងជលផលសម្រាប់ឆ្នាំ២០២៦នេះ។ ការសម្រេចចិត្ត ត្រូវបានធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា ពលករថៃមួយចំនួនដែលបានទៅធ្វើការនៅទីនោះ មិនទៅធ្វើការ និងរត់ចោលថៅកែរបស់ខ្លួនដោយខុសច្បាប់...។

យោងតាមនាយកដ្ឋានការងាររបស់ប្រទេសថៃ បានឱ្យដឹងថា មូលហេតុចម្បងដែលនាំឱ្យមានការសម្រេចចិត្តបែបនេះ គឺដោយសារតែពលករមកពីខេត្តទាំងនោះ ខ្លះបានរត់ចោលកិច្ចសន្យាការងាររបស់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង ក្រោមកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នា(MoU)សម្រាប់ទិដ្ឋាការប្រភេទ E-8 (ពលករតាមរដូវកាល) ក្នុងវិស័យកសិកម្ម និងជលផល។

ខេត្តទាំង៤ ដែលរងការដាក់ទណ្ឌកម្មនេះ រួមមាន៖ ខេត្តឧត្តរធានី (Udon Thani), ខេត្តខនកែន (Khon Kaen), ខេត្តជ័យភូមិ(Chaiyaphum) និងខេត្តមហាសារ៉ាខាម (Maha Sarakham)។ ជាលទ្ធផល អាជ្ញាធរកូរ៉េខាងត្បូង បានសម្រេចដាក់ពលករដែលបង្កបញ្ហាទាំងនោះចូលក្នុងបញ្ជីខ្មៅ និងផ្អាកការទទួលពលករថ្មីៗមកពីខេត្តទាំង៤នេះ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦

យោងតាមអាជ្ញាធរ ការសម្រេចចិត្តរបស់កូរ៉េខាងត្បូងនេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ។ អ្នកលេងបណ្ដាញសង្គមជាច្រើន បានបន្ទោសពលករដែលមិនគោរពច្បាប់ថា បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ពលករថៃទាំងមូល និងបិទផ្លូវសម្រាប់អ្នកដែលចង់ទៅធ្វើការដោយស្របច្បាប់ផ្សេងទៀត។ កន្លងមក បញ្ហានៃការលួចធ្វើការខុសច្បាប់ បានធ្វើឱ្យអាជ្ញាធរកូរ៉េខាងត្បូង រឹតបន្តឹងការត្រួតពិនិត្យលើអ្នកដំណើរថៃយ៉ាងខ្លាំង រហូតដល់មានតារាល្បីៗមួយចំនួនត្រូវបានបដិសេធមិនឱ្យចូលប្រទេសថែមទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត