សម្ដេចតេជោ ហ៊ុន សែន រំពឹងទំនាក់ទំនងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងត្រូវលើកកម្ពស់កាន់តែរឹងមាំ
S
Soriya Sou
15 កក្កដា 2025 08:32 AM

រាជធានីភ្នំពេញ៖ គិតមកទល់ពេលនេះទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានរយៈពេល២៨ឆ្នាំហើយ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងទុកថា ទំនាក់ទំនងរវាងភាគីទាំងពីរនឹងកាន់តែល្អរឹងមាំតាមរយៈការលើកកម្ពស់បន្ថែម ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបពិភាក្សាជាមួយលោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួបពិភាក្សាជាមួយលោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

ក្នុងជំនួបជាមួយលោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៥កក្កដានេះ សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាទំនាក់ទំនងការទូតរវាកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានផ្សាភ្ជាប់គ្នាពេញលេញតាំងពីឆ្នាំ១៩៩៧។ សម្ដេចថា ទោះបីទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថានភាពឡើងចុះ ប៉ុន្តែវាជាទំនាក់ទំនងមួយយ៉ាងឆាប់រហ័ស និងមានល្បឿនលឿន។ ជាក់ស្ដែង ស្ទើរគ្រប់វិស័យកិច្ចសហប្រតិបត្តិការមានការកើនឡើងជាលំដាប់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ចំណែកឯវិនិយោគកូរ៉េក៏មានកើនឡើង ខណៈជើងហោះហើរកម្ពុជា-កូរ៉េ ក៏បានបន្តរក្សាភ្ជាប់ទោះជានៅក្នុងអំឡុងពេលមានការរីករាលជំងឺកូវីដ-១៩ក៏ដោយ។

សម្ដេចបានផ្ដល់យោបល់ឱ្យប្រទេសទាំងពីរ ពិចារណាធ្វើកិច្ចសហប្រតិបត្តិការដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ សម្ដេចអះអាងថា កម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជាបាននាំចូលទំនិញច្រើនពីកូរ៉េ ចំណែកទេសចរកូរ៉េក៏បានមកទស្សនាកម្ពុជាច្រើនផងដែរ។ សម្តេចតេជោ បានបង្ហាញក្ដីរំពឹងទុកមុនថា ខួបគម្រប់៣០ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា-កូរ៉េ នៅឆ្នាំ២០២៧ខាងមុខ ប្រទេសទាំងពីរនឹងអាចលើកកម្ពស់ទំនាក់ទំនងខ្លួនទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក ផាក ជុងវុក ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចតេជា ហ៊ុន សែន ថាកម្ពុជាជាប្រទេសមានសន្តិភាព ហើយកម្ពុជាជាដៃគូដ៏ជិតស្និទ្ធមួយរបស់សាធារណរដ្ឋកូរ៉េ។ លោកបានឱ្យដឹងថា ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្ររវាងសាធារណរដ្ឋកូរ៉េ និងប្រទេសកម្ពុជា កាន់តែត្រូវបានលើកកម្ពស់ក្រោយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំ២០២៤។ ចូលជួបដើម្បីជម្រាបលាសម្ដេចតេជោហ៊ុន សែន ក្នុងឱកាសនៃការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា លោក ផាក ជុងវុក បញ្ជាក់ថា លោកពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត