
រាជធានីភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា លោក ជូ បុង ផាក (Joo Bong Park) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ (Incheon) ប្រទេសកូរ៉េខាងត្បូង បានថ្លែងថា កម្ពុជាជាប្រទេសកំណើតទី២របស់លោក ហើយលោកប្ដេជ្ញាកៀរគរវិនិយោគិនកូរ៉េខាងត្បូង មកកម្ពុជាឱ្យបានច្រើន...។

ក្នុងពេលដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៦ ប្រធានសភាពាណិជ្ជកម្មក្រុងអ៊ីនឆន់ បង្ហាញក្ដីជឿជាក់ថា វិនិយោគិនកូរ៉េ ដែលមកដល់កម្ពុជាផ្ទាល់ នឹងក្លាយជាសក្ខីភាពដ៏សំខាន់ក្នុងការលុបបំបាត់រាល់ព័ត៌មានមិនពិត ឬការភ័ន្តច្រឡំនានាដែលបានកើតឡើងលើកម្ពុជានាពេលកន្លងមក។ លោក ជា វុទ្ធី បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុវត្ថិភាពសាធារណៈ និងការដាក់ចេញយន្តការកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េ ដែលបានរៀបចំចំនួន២លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិន។

លោក ជា វុទ្ធី ចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មទីក្រុងអ៊ីឆន់ នាពេលនេះ ពិតជាមានសារសំខាន់ខ្លាំងក្នុងការរួមចំណែកផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា និងជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនកូរ៉េឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោក ជូ បុង ផាក បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា។ លោក សន្យានឹងខិតខំជំរុញឱ្យធុរជនក្នុងទីក្រុងអ៊ីនឆន់ ដែលជាទីក្រុងធំទី២ និងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មានសក្តានុពលរបស់សាធារណរដ្ឋកូរ៉េ ឱ្យមកសិក្សាស្វែងយល់ពីស្ថានភាពពិតជាក់ស្តែង និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកដល់ការធ្វើពិពិធកម្ម និងទំនើបកម្មវិស័យឧស្សាហកម្មកម្ពុជា។

តាមរយៈដំណើរទស្សនកិច្ចនេះ ប្រធានសភាពាណិជ្ជកម្មក្រុងអ៊ីនឆន់ ក៏បានបង្ហាញបំណងក្នុងការពិនិត្យលទ្ធភាពវិនិយោគបង្កើតរោងចក្រផលិតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញនៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន៕




