
រាជធានីបាងកក៖ ខណៈប្រទេសជិតខាងមួយចំនួន កំពុងខ្វល់ខ្វាយរឿងរកការងារឱ្យពលរដ្ឋធ្វើ ងាកទៅមើលបងធំសេដ្ឋកិច្ចអាស៊ានទី២ គឺប្រទេសថៃ បាននិងកំពុងឈឺក្បាលជុំវិញការធ្លាក់ចូលក្នុងវិបត្តិ «កង្វះខាតកម្លាំងពលកម្ម» យ៉ាងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន...។

យោងតាមការព្រមានពីអ្នកជំនាញសេដ្ឋកិច្ច ដែលបង្ហាញគ្រាអាសន្នចុងក្រោយនៃអត្រាកំណើតធ្លាក់ចុះទាបបំផុត រួមផ្សំនឹងល្បឿននៃការឈានចូល«សង្គមមនុស្សចាស់» កំពុងធ្វើទុក្ខបុកម្នេញកម្លាំងផលិតកម្មរបស់ថៃ ដែលជាបញ្ហាសេដ្ឋកិច្ចដ៏គួរឱ្យខ្លាចបំផុតក្នុងឆ្នាំ២០២៦នេះ។ ទិន្នន័យស្រាវជ្រាវយុទ្ធសាស្ត្រ បានគូសបញ្ជាក់ថា ទីផ្សារការងារថៃបច្ចុប្បន្ន កំពុងមានចន្លោះប្រហោង និងត្រូវការកម្លាំងពលកម្មបន្ថែមរាប់សែននាក់បន្ទាន់ ដើម្បីទប់ទល់ក្នុងវិស័យគន្លឹះៗ ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម និងសេវាកម្ម (ទេសចរណ៍)។ អ្វីដែលជាការយល់ខុសដ៏ធំមួយនោះ គឺមនុស្សភាគច្រើនគិតថា ថៃអាចដោះស្រាយវិបត្តិនេះបានដោយងាយ តាមរយៈការបើកទ្វារចំហទាក់ទាញពលករចំណាកស្រុកពីប្រទេសជិតខាង រួមមាន៖ (កម្ពុជា ភូមា និងឡាវ)។

ប៉ុន្តែតថភាពជាក់ស្ដែង យុទ្ធសាស្ត្រខ្ចីដង្ហើមអ្នកដទៃដកនេះ លែងមានប្រសិទ្ធភាពទៀតហើយ ព្រោះបណ្ដាប្រទេសជិតខាងទាំងនោះ ក៏កំពុងអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក និងស្រូបយកកម្លាំងពលកម្មរបស់ខ្លួនវិញរៀងៗខ្លួនដែរ ជាពិសេសពលករកម្ពុជាដែលធ្លាប់ទៅបម្រើការងារនៅប្រទេសថៃខ្ទង់លាននាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ បន្ទាប់ពីយោធាថៃ បើកការឈ្លានពានអធិបតេយ្យកម្ពុជានៅតំបន់ព្រំដែន ធ្វើឱ្យខ្សែសង្វាក់ផលិតកម្មកសិកម្ម, កសិ-ឧស្សាហកម្មនៅក្នុងប្រទេសថៃ ធ្លាក់ចុះឱនភាពយ៉ាងគំហុក ស្របពេលដែលពលរដ្ឋកម្ពុជានៅទូទាំងពិភពលោក ធ្វើពហិកាឈប់ប្រើផលិតផលថៃទៀតនោះ សេដ្ឋកិច្ចថៃបានដាំក្បាលចុះជាបន្តបន្ទាប់។ អ្នកវិភាគមើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាលរាជធានីបាងកក នៅតែបន្តស្ពឹកស្រពន់ ហើយមិនប្រញាប់ប្រញាល់កែទម្រង់រចនាសម្ព័ន្ធការងារទេនោះ ថៃនឹងត្រូវបាត់បង់ភាពទាក់ទាញក្នុងការដណ្ដើមយករំហូរទុនវិនិយោគបរទេស ទៅឱ្យប្រទេសវៀតណាម ឬឥណ្ឌូណេស៊ីជាមិនខាន។

ផ្អែកលើការទម្លាយពីស្ថាប័នស្រាវជ្រាវ ដំណោះស្រាយការទូតតែមួយគត់របស់ថៃពេលនេះ គឺការបន្ទាបខ្លួនទៅចរចាបង្កើតកិច្ចព្រមព្រៀងពលកម្មទ្វេភាគីថ្មីៗ ជាមួយបណ្ដាប្រទេសអាស៊ីខាងត្បូង ដែលមានប្រភពកម្លាំងពលកម្មក្មេងៗច្រើនលើសលប់ ដូចជា បង់ក្លាដែស ប៉ាគីស្ថាន និងស្រីលង្កា ជំនួសវិញ ដើម្បីយកមកបំពេញក្នុងខ្សែច្រវាក់ផលិតកម្ម ដែលកំពុងថប់ដង្ហើមជាខ្លាំងនោះ។ វិបត្តិអត់ពលករធ្វើការនៅប្រទេសថៃពេលនេះ គឺជាមេរៀនសេដ្ឋកិច្ចដ៏ជូរចត់មួយដែលបង្ហាញថា ការមានលុយ និងមានរោងចក្រទំនើប គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប្រសិនបើគ្មានធនធានមនុស្សទៅប្រតិបត្តិការ។ នៅក្នុងស្ថានភាពដែលថៃកំពុងរត់រកកម្លាំងពលកម្មនេះ វាក៏ជាសញ្ញាណវិជ្ជមានមួយសម្រាប់កម្ពុជា ក្នុងការបង្កើនល្បឿនបង្កើតការងារក្នុងស្រុក ដើម្បីអូសទាញពលករជំនាញខ្មែរឱ្យត្រឡប់មកអភិវឌ្ឍមាតុភូមិវិញ ជំនួសឱ្យការហោះហើរទៅលក់កម្លាំងពលកម្មនៅលើទឹកដីថៃ ដែលកំពុងជួបវិបត្តិរចនាសម្ព័ន្ធសង្គមដ៏វឹកវរមួយនេះ៕



