រាជធានីភ្នំពេញ៖ អភិបាលក្រុងម៉ាណដាលូយ៉ុង (Mandaluyong) នៃសាធារណរដ្ឋហ្វីលីពីន លោកស្រី ខាមេលីតា អាបាឡូស (Carmelita Abalos) បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ហើយលោកស្រីនឹងរៀនសូត្របទពិសោធពីរាជធានីភ្នំពេញ ដើម្បីប្រែក្លាយក្រុងម៉ាណដាលូយ៉ុង ជាទីក្រុងមានភាពវៃឆ្លាតដែរ…។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ខាមេលីតា អាបាឡូស បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោកស្រី បញ្ជាក់ថាទីក្រុងម៉ាណដាលូយ៉ុង ជាទីក្រុងតូច មានប្រជាជនរស់នៅអចិន្ត្រៃយ៍ត្រឹមតែ៤៥ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែទីក្រុងមួយនេះមានប្រជាពលរដ្ឋចេញ-ចូលរកស៊ី រហូតទៅដល់២លាន៣សែននាក់ ប្រហាក់ប្រហែលនឹងរាជធានីភ្នំពេញដែរ។ អភិបាលក្រុងរូបនេះ បានកោតសរសើររាជធានីភ្នំពេញ គឺជារាជធានីដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាទីក្រុងដែលមានសោភ័ណ្ឌភាព មានសណ្ដាប់ធ្នាប់ល្អ ជាទីក្រុងមានភាពវៃឆ្លាត។

លោកស្រី ខាមេលីតា អាបាឡូស អះអាងថា៖ «ក្រុងម៉ាណដាលូយ៉ុង នៃសាធារណរដ្ឋហ្វីលីពីន នឹងសិក្សារៀនសូត្រពីរាជធានីភ្នំពេញលើការរៀបចំក្រុង ពិសេស គឺការរៀបចំសណ្ដាប់ធ្នាប់នៃការកាត់ខ្សែកាបអុបទិក ខ្សែអ៊ីនធឺណិតពីលើអាកាសទៅដាក់ក្រោមដី ដែលនេះជាគំរូដ៏ល្អរបស់រាជធានីភ្នំពេញដែលនាំឱ្យរាជធានីមួយនេះមានភាពស្រស់ស្អាតនិងឆ្លាតវៃ។ ក្រោយការសិក្សារៀនសូត្រពីរាជធានីភ្នំពេញ ទីក្រុងម៉ាណដាលូយ៉ុង និងមានភាពស្រស់ស្អាតមានសោភ័ណភាព ជាទីក្រុងដែលមានភាពវ័យឆ្លាត ដូចទីក្រុងភ្នំពេញដែរ»។

ជាការឆ្លើយតប លោក ឃួង ស្រេង បានអរគុណលោកស្រី ខាមេលីតា អាបាឡូស ចំពោះចំណាប់អារម្មណ៍សិក្សាស្វែងយល់ និងការកោតសរសើរភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។ លោកបានជម្រាបពីភូមិសាស្ត្រ ក៏ដូចជាប្រវត្តិនៃការកកើតរបស់រាជធានីភ្នំពេញ ខណៈបច្ចុប្បន្ន រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន រួមទាំងផ្លូវថ្មើរជើងចតុមុខ និងគ្រោងបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត៕



