ហ្វីលីពីន ដែលជាប្រធានអាស៊ានប្ដូរវេន អះអាងត្រៀមខ្លួនរួចរាល់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
S
Soriya Sou
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៦ បានប្រកាសត្រៀមខ្លួនរួចហើយ លើការជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាពពេញលេញក្នុងតំបន់…។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន។ 
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន។ 

ការអះអាងរបស់ហ្វីលីពីន ធ្វើឡើងតាមរយៈលោក រ៉ូមេអូ អេស.ប្រាវន័រ ជេរអ. (Romeo S. Brawner Jr.) អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នាព្រឹកថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៦។ ក្នុងជំនួបពិភាក្សា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក រ៉ូមេអូ អេស.ប្រាវន័រ ជេរអ. បានពិភាក្សាលើកិច្ចការងារក្នុងវិស័យការពារជាតិ បូករួមទាំងបច្ចុប្បន្នភាព ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់រកផ្លូវចេញឃើញ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់តំណាងប្រទេសហ្វីលីពីន ថាកម្ពុជាប្រកាន់គោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ​ នាពេលកន្លងមក ហើយសម្ដេចជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុមអ្នកសង្កេតការណ៍ AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន មានប្រសាសន៍ថា៖ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ។ លោកអះអាងប្រាប់មេដឹកនាំកម្ពុជាថា ហ្វីលីពីនត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន ដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល។

ក្រោយបទឈប់បាញ់លើកទី២ ចូលជាធរមាន នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ មកទល់ពេលនេះ យោធាថៃបាននិងកំពុងធ្វើសកម្មភាពរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់លេណដ្ឋាន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាល ជីកប្រឡាយ និងសាងសង់ផ្លូវ ព្រមទាំងការចាក់ដីលុបស្រះទឹក នៅតំបន់មួយចំនួនក្នុងទឹកដីកម្ពុជាដែលថៃបានកាន់កាប់ ជាក់ស្ដែង ដូចជានៅតំបន់បឹងត្រកួន ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាដើម។ កម្ពុជាបានបន្តរក្សាការប្តេជ្ញាចិត្ត ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត