អាស៊ាន នឹងប្រជុំបិទទ្វារតាមដានស្ថានភាពជម្លោះកម្ពុជា-ថៃ និងជជែកបញ្ហាតំបន់ និងអន្តរជាតិ
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២៦ ហ្វីលីពីន បានចាប់ផ្តើមកោះប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី១ ជជែកពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងវិធានការតាមដានស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងហោះទៅចូលរួមកិច្ចប្រជុំទាំងនោះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ...។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា

ក្រសួងការបរទេស ប្រកាសនៅល្ងាចថ្ងៃ២៦មករានេះថា តបតាមការអញ្ជើញរបស់ លោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ប្រមុខការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីន សម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណងសម្រេចឱ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។

ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងផ្លាស់ប្តូរទស្សនលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្ដីកង្វល់រួម ក្នុងនោះរួមមាន៖ ការវិវត្តនៅប្រទេសភូមា ឬមីយ៉ាន់ម៉ា និងវិធានការតាមដានចំពោះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ បើគ្មានអ្វីប្រែប្រួល ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតដដែលនេះ លោកឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយសមភាគីអាស៊ាន មួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត