ប្តូរជីវិតនឹងការរួចបំណុល៖ ពូទីនចេញច្បាប់លុបបំណុលជិត១៤ម៉ឺនដុល្លារ ឱ្យអ្នកស្ម័គ្រចិត្តទៅវាយអ៊ុយក្រែន
N
Nary Vann
26 ឧសភា 2026 12:30 PM

រដ្ឋធានីម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យច្បាប់ថ្មីមួយ កាលពីថ្ងៃទី២៥ ខែឧសភាម្សិលមិញ ដោយសម្រេចលុបចោលបំណុលរហូតដល់ទៅ១០លានរ៊ូប្លិ៍ (ប្រហែល១៣៩,៧០០ដុល្លារអាម៉េរិក) ជូនដល់ទាហានថ្មី ក៏ដូចជាប្ដី ឬប្រពន្ធរបស់ពួកគេ ដែលស្ម័គ្រចិត្តចុះកិច្ចសន្យាចូលបម្រើកងទ័ពជាមួយក្រសួងការពារជាតិរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ...។

លោក វ៉្លាឌីមៀ ពូទីន
លោក វ៉្លាឌីមៀ ពូទីន

ចំនួនទឹកប្រាក់បំណុលដែលត្រូវបានលុបចោល មានតម្លៃស្មើនឹងតម្លៃទិញបន្ទប់ខុនដូស្ទូឌីយោ (Studio apartment) ទំហំ៣៥ម៉ែត្រការ៉េមួយ នៅក្នុងរដ្ឋធានីម៉ូស្គូ។ ទោះជាយ៉ាងណា វិធានការលើកលែងបំណុលដ៏ធំធេងនេះ នឹងត្រូវអនុវត្តទៅបាន លុះត្រាតែបំណុលទាំងនោះ មានដីកាតុលាការបង្គាប់ឱ្យទារប្រាក់រួចរាល់មុនកាលបរិច្ឆេទខាងលើ ហើយសាមីខ្លួនត្រូវចុះកិច្ចសន្យាចូលរួមក្នុង«ប្រតិបត្តិការយោធាពិសេស»នៅអ៊ុយក្រែន រយៈពេលយ៉ាងតិចណាស់១ឆ្នាំ។ ក្រៅពីការលុបបំណុល លោក ពូទីន ក៏បានចុះហត្ថលេខាលើក្រឹត្យមួយទៀត ផ្តល់សិទ្ធិជួលដីធ្លីរបស់រដ្ឋដោយគ្មានកំណត់ពេលវេលា សម្រាប់អ្នកដែលចូលរួមប្រយុទ្ធនៅសមរភូមិអ៊ុយក្រែនផងដែរ។

ការផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ទាក់ទាញនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរកម្លាំងទាហានបន្ថែម សម្រាប់ពង្រឹងកងទ័ពរុស្ស៊ីនៅក្នុងសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយពេលអស់ជាង៤ឆ្នាំមកនេះ ខណៈដែលកិច្ចចរចាសន្តិភាពដឹកនាំដោយសហរដ្ឋអាម៉េរិក កំពុងស្ថិតក្នុងភាពទាល់ច្រក។ ជាមួយគ្នា ខាងភាគីអ៊ុយក្រែនក៏កំពុងរៀបចំបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ភាគខាងជើង ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងផែនការបើកការវាយលុកធំជាថ្មី ពីសំណាក់កងទ័ពរុស្ស៊ីផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត