
អឺរ៉ុបខាងកើត៖ ភ្លើងសង្គ្រាមឈ្លានពានរុស្ស៊ី-អ៊ុយក្រែន បានបន្តឆាបឆេះ មនុស្សម្នារ-យោធាបន្តស្លាប់ និងរបួស សំណង់ហេដ្ឋារចនាសម្ព័ន្ធបន្តរងនូវការបំផ្លិចបំផ្លាញដូចភ្លៀងរលឹម ខណៈអាវុធទំនើបៗ និងសាហាវៗ កំពុងបន្តបង្ហាញខ្លួនជាបន្តបន្ទាប់។ អ្វីដែលធ្វើឱ្យគ្រប់គ្នាឈរភ្លឹក នៅទ្រឹងមួយកន្លែង នោះគឺ..រុស្ស៊ីបានដាស់អសុរកាយមច្ចុរាជរបស់ខ្លួនឱ្យភ្ញាក់ពីដំណេក គឺមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន...។

«Oreshnik» ជាប្រភេទមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម (ឬ IRBM) ដែលអាចបាញ់បានចម្ងាយចាប់ពី៣០០០គីឡូម៉ែត្រដល់៥៥០០គីឡូម៉ែត្រ ដែលមានន័យថា វាអាចហោះជ្រែកពពក ទម្លុះអាកាសា ចូលកម្ទេចគ្រប់គោលដៅទាំងអស់នៅទូទាំងទ្វីបអឺរ៉ុបទាំងមូល។ មន្រ្តីអ៊ុយក្រែនបានបង្ហើបថា មីស៊ីលនេះអាចហោះលឿនជាងល្បឿនសំឡេងរហូតដល់១១ដង។ ជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានចុះផ្សាយថា វាចំណាយពេលត្រឹមតែ១១នាទីប៉ុណ្ណោះ ដើម្បីហោះទៅកម្ទេចមូលដ្ឋានទ័ពអាកាសក្នុងប្រទេសប៉ូឡូញ និងចាយពេល១៧នាទីទៅដល់ទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងរដ្ឋធានីព្រុចសែល នៃប្រទេសប៊ែលហ្សិក។ សូមរំឭកថា បុរសខ្លាឃ្មុំទឹកកក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានថ្លែងថា ធាតុបំផ្លិចបំផ្លាញរបស់មីស៊ីលនេះ អាចបង្កើតកម្តៅក្ដៅខ្លាំងស្ទើរស្មើនឹងផ្ទៃព្រះអាទិត្យ។

«រាល់វត្ថុទាំងអស់ ដែលស្ថិតក្នុងចំណុចកណ្តាលនៃការផ្ទុះ នឹងត្រូវរលាយខ្ទិចទៅជាកម្ទេចតូចៗ និងក្លាយជាល្អងធូលីដី។ ហើយ..វាថែមទាំងអាចកម្ទេចលេណដ្ឋានក្រោមដីជម្រៅ៣ទៅ៤ជាន់បានទៀតផង» នេះជាសម្តីដ៏ព្រឺព្រួចខ្ជាក់ចេញពីមាត់របស់បុរសខ្លាឃ្មុំទឹកកករុស្ស៊ី។ ហេតុអ្វីបានជាវាមានឥទ្ធិពលខ្លាំង..? ខ្លាំងក៏ដោយសាតែ មីស៊ីលនេះ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា MIRV ដែលមានន័យថា នៅពេលបាញ់ចេញទៅ ក្បាលគ្រាប់របស់វាអាចបំបែកខ្លួន បែងភាគ ប្រៀបបានទៅហ្នឹងស្តេចស្វាស៊ុន អ៊ូខុង រួចហោះទៅកម្ទេចគោលដៅខុសៗគ្នាជាច្រើនទីតាំងក្នុងពេលតែមួយ។ ផ្អែកតាមការស្រាវជ្រាវ មីស៊ីលនេះមានក្បាលគ្រាប់ចំនួន៦ ហើយក្បាលគ្រាប់នីមួយៗអាចបំបែកជាគ្រាប់តូចៗចំនួន៦ទៀត។ ដូច្នេះ នៅក្នុងការបាញ់មួយលើក វាអាចបង្កើតការវាយប្រហារដាច់ដោយឡែកពីគ្នារហូតដល់៣៦កន្លែង។ ជាងនេះទៅទៀត ជាមួយនឹងល្បឿនលឿនជាងសំឡេងរហូតដល់១១ដង ប្រព័ន្ធការពារដែនអាកាសដែលអ៊ុយក្រែនមានបច្ចុប្បន្ន មិនអាចស្ទាក់ចាប់វាបានឡើយ។

គួរបញ្ជាក់ថា រុស្ស៊ីធ្លាប់បានប្រើប្រាស់មីស៊ីល Oreshnik វាយប្រហារលើអ៊ុយក្រែនចំនួន៣លើក ប៉ុន្តែមិនបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។ លើកទី១នៅក្នុងឆ្នាំ២០២៤ បាញ់សំដៅទីក្រុងឌីនីប្រូ (Dnipro) បង្កឱ្យមានសំឡេងលាន់ឮដូចរន្ទះ, លើកទី២.នៅខែមករា ឆ្នាំ២០២៦ បាញ់ចំដេប៉ូផ្ទុកហ្គាសដ៏ធំមួយនៅក្នុងតំបន់ល្វីហ្វ (Lviv) ភាគខាងលិចអ៊ុយក្រែន និងលើកទី៣.នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វាយប្រហារលើរដ្ឋធានីគៀវ បណ្ដាលឱ្យមនុស្ស៤នាក់ស្លាប់ និងបំផ្លាញអគារជាច្រើន ដូចជា៖ ផ្ទះសម្បែង ផ្សារទំនើប សារមន្ទីរ សាលារៀន និងសាកលវិទ្យាល័យ។ល៕



