
រដ្ឋធានីម៉ូស្គូ៖ រុស្ស៊ីបានបាញ់បង្ហោះមីស៊ីលដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងបានផ្តល់គ្រាប់នុយក្លេអ៊ែរទៅឱ្យអង្គភាពមួយចំនួន កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ដែលវាជាផ្នែកមួយនៃសមយុទ្ធនុយក្លេអ៊ែរដ៏ធំរបស់រដ្ឋធានីមូស្គូ ចំពេលភាពតានតឹងខ្លាំងជាមួយអង្គការណាតូ ឬអូតង់ និងបណ្ដាលប្រទេសលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងសកម្មភាពដ្រូននៅក្នុងតំបន់បាល់ទិក...។

រុស្ស៊ីកំពុងធ្វើសមយុទ្ធនុយក្លេអ៊ែរដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយមានការចូលរួមពីមនុស្សចំនួន៦៤០០០ នាក់ ដើម្បីហ្វឹកហ្វឺនកងកម្លាំងរបស់ខ្លួនក្នុងការរៀបចំ និងប្រើប្រាស់កងកម្លាំងនុយក្លេអ៊ែរ ករណីមានការឈ្លានពាន។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានប្រាប់ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ (Alexander Lukashenko) រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក អង់ដ្រេ បេឡូសូវ (Andrei Belousov) និងឧត្តមសេនីយ៍កំពូលៗជាច្រើននាក់ទៀតថា ការប្រើប្រាស់អាវុធបែបនេះតែងតែជាវិធានការពិសេស និងជាជម្រើសចុងក្រោយបង្អស់។ «ដោយមើលឃើញពីភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងពិភពលោក និងការលេចឡើងនៃការគំរាមកំហែង និងហានិភ័យថ្មីៗ កងកម្លាំងនុយក្លេអ៊ែរទាំង៣របស់យើង ត្រូវតែបន្តបម្រើការជាអ្នកធានាដ៏គួរឱ្យទុកចិត្តនៃអធិបតេយ្យភាព នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស» នេះជាសម្តី លោក ពូទីន ថ្លែងនៅក្នុងវិមានក្រឹមឡាំង។ បុរសខ្លាឃ្មុំទឹកកករូបនេះ បានបន្តថា ខ្លួននឹងអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរ និងរក្សាវាឱ្យស្ថិតក្នុងកម្រិតគ្រប់គ្រាន់ រួមទាំងការបំពាក់មីស៊ីល និងនាវាមុជទឹកថ្មីៗផងដែរ។

យោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រសហរដ្ឋអាម៉េរិក រុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតនៅលើពិភពលោក ដោយមានក្បាលគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយ និងស្តុកទុកប្រហែល៤៤០០គ្រាប់ ខណៈសហរដ្ឋអាម៉េរិកមានប្រហែល ៣៧០០គ្រាប់។ សហព័ន្ធដដែលនេះ បានលម្អិតថា ប្រទេសចិន គឺជាប្រទេសដែលមានអំណាចនុយក្លេអ៊ែរធំជាងគេទី៣ នៅលើពិភពលោក ពោលគឺមានប្រហែល៦២០គ្រាប់ បន្ទាប់មកគឺប្រទេសបារាំងមាន២៩០គ្រាប់ និងចក្រភពអង់គ្លេសមានប្រហែល ២២៥គ្រាប់។ កាលពីថ្ងៃពុធកន្លងទៅ រុស្ស៊ី និងចិន បានអះអាងថា ផែនការការពារមីស៊ីល«Golden Dome» របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងដល់ស្ថិរភាពយុទ្ធសាស្ត្រ។

ក្រសួងការពារជាតិ បានអះអាងថា នៅក្នុងសមយុទ្ធនេះ រុស្ស៊ីបានសាកល្បងបាញ់មីស៊ីលអន្តរទ្វីប Yars និងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ចេញពីនាវាចម្បាំងមួយគ្រឿងនៅក្នុងសមុទ្ទ Barents ខណៈនាវាមុជទឹកមួយគ្រឿងបានបាញ់មីស៊ីល Sineva ដើរដោយប្រេងឥន្ធនៈរាវ។ ក្រៅពីនេះ រុស្ស៊ីបានបង្ហាញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ, យន្តហោះប្រឆាំងនាវាមុជទឹក Il-38 និងយន្តហោះចម្បាំង MiG-31 ដែលបំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal។ លោក វ៉ាលេរី ហ្គេរ៉ាស៊ីម៉ូវ (Valery Gerasimov) អគ្គសេនាធិការនៃកងទ័ពរុស្ស៊ី បានប្រាប់លោក ពូទីន ថា អង្គភាពនានានៅក្នុងប្រទេសបេឡារុស និងរុស្ស៊ី ត្រូវបានផ្តល់គ្រាប់នុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃសមយុទ្ធនេះ។ សមយុទ្ធនេះធ្វើឡើង ចំពេលរដ្ឋធានីម៉ូស្គូ កំពុងមានភាពតានតឹងខ្លាំងជាមួយអង្គការណាតូ និងលោកខាងលិច ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕




