
រដ្ឋធានីប៉េកាំង៖ វិបត្តិច្រកសមុទ្ទហ័រមូស្សបានបន្តអូសបន្លាយ ហើយសង្គ្រាមរួមគ្នារវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ហាក់គ្មានពន្លឺរកឃើញសន្តិភាព បានធ្វើឱ្យការនាំចូលប្រេងពីតំបន់ឈូងសមុទ្ទទៅកាន់ប្រទេសចិន ដាំក្បាលចុះយ៉ាងគំហុក។ ដើម្បីទប់ទល់នឹងការរង្គោះរង្គើផ្នែកថាមពលនេះ រដ្ឋធានីប៉េកាំងបានងាកទៅរកប្រេងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តរស់រាន។

យោងតាមទិន្នន័យគយចិន ការនាំចូលប្រេងឆៅពីរុស្ស៊ីបានហក់ឡើងដល់ជិត៩លានតោន កើនឡើង១១,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ យ៉ាងណា គ្រប់យ៉ាងបានប្រែប្រួល ព្រោះការប្រកួតប្រជែងសកលបានធ្វើឱ្យប្រេងរុស្ស៊ី លែងមានតម្លៃថោកដូចមុនទៀតហើយ។ ជាក់ស្ដែង ទំហំទឹកប្រាក់ដែលចិនត្រូវចំណាយទិញប្រេងពីរុស្ស៊ី បានហក់ឡើង ១៦,២ភាគរយ បើទោះបីជាបរិមាណនាំចូលជាក់ស្តែងធ្លាក់ចុះជាង១០ភាគរយក៏ដោយ ពោលគឺតម្លៃបច្ចុប្បន្នស្ទើរតែស្មើនឹងតម្លៃប្រេងឆៅ Brent ទៅហើយ ដែលជាប្រភេទប្រេងមានតម្លៃថ្លៃជាងគេ ព្រោះវាងាយស្រួលចម្រាញ់។

ស្របពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានដឹកនាំគណៈប្រតិភូថាមពលជាន់ខ្ពស់ ទៅជួបពិភាក្សាជាមួយលោក ស៊ី ជីនភីង នៅរដ្ឋធានីប៉េកាំង ដោយភាគីទាំ២ បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់បំផុតមួយ។ ទោះជាយ៉ាងណា អ្នកវិភាគព្រមានថា ហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេងរបស់រុស្ស៊ីជិតអស់សមត្ថភាពក្នុងការបង្កើនបរិមាណហើយ ដែលមិនអាចប៉ះប៉ូវកង្វះខាតសរុបរបស់ចិនបានទាំងស្រុងនោះទេ។ ប៉ុន្តែ ដោយសារចិនមានស្តុកប្រេងបម្រុងច្រើនជាងគេលើលោក រួមផ្សំនឹងយន្តការគ្រប់គ្រងតម្លៃរបស់រដ្ឋ ធ្វើឱ្យរដ្ឋធានីប៉េកាំងនៅតែមានភាពស៊ាំ និងភាពធន់ខ្ពស់ជាងសេដ្ឋកិច្ចប្រទេសដទៃទៀត ក្នុងការឆ្លងកាត់វិបត្តិថាមពលសកលមួយនេះ៕




