
រាជធានីបាងកក៖ កងទ័ពភូមិន្ទថៃ បាននិងកំពុងបង្កើនការហ្វឹកហ្វឺនយ៉ាងខ្លាំងក្លា ដោយផ្តោតលើការត្រៀមលក្ខណៈប្រយុទ្ធ និងការដកស្រង់បទពិសោធជាក់ស្តែងលើសមរភូមិ ក្រោមស្រមោលមហិច្ឆតាគំរាមកំហែង និងបង្កហេតុជាមួយកម្ពុជា...។

នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោកភូមិន្ទថៃ ចុះផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា មេបញ្ជាការវរសេនាធំលេខ២៩ លោក ព្រីយ៉ាផានិច (Preyaphanich) បានចូលរួមពិធីបើកការហ្វឹកហ្វឺន និងត្រួតពិនិត្យកម្លាំងជាអង្គភាពទ័ពប្រចាំឆ្នាំ២០២៦ របស់កងពលតូចថ្មើរជើងលេខ២៩ ដែលបានប្រព្រឹត្តទៅនៅទីលានហ្វឹកហ្វឺននៃវរសេនាធំលេខ៩ ស្ថិតក្នុងស្រុកភ្នំធួន (Phanom Thuan) ខេត្តកញ្ចនបុរី។

លោកមេបញ្ជាការរូបនេះបានដាក់បទបញ្ជា ដោយសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន២ រួមមាន៖ ភាពត្រឹមត្រូវនៃយុទ្ធវិធី ដោយផ្តោតលើគ្រប់ស្ថានីយហ្វឹកហ្វឺនទាំងអស់ត្រូវតែអនុវត្តការហ្វឹកហ្វឺនយោធាឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួនទៅតាមទម្រង់បទដ្ឋានកំណត់ ដើម្បីធានាបាននូវវិន័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងកម្លាំង និងការទាញយកមេរៀនពីសមរភូមិជាក់ស្តែង ដែលផ្តោតជាពិសេសឱ្យកងទ័ពទាំងអស់ដកស្រង់មេរៀន និងបទពិសោធពីការប្រយុទ្ធគ្នានៅក្នុងសមរភូមិមុនៗ យកទៅកែច្នៃឡើងវិញ សម្រាប់ឆ្លើយតបនឹងស្ថានភាពជាក់ស្តែង។

គួរឈ្វេងយល់ថា ការហ្វឹងហាត់នេះ មិនមែនជារឿងចៃដន្យទេឡើយ ពីព្រោះថា កងទ័ពជើងទឹកថៃ ទើបតែបានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើសង្គ្រាម ដោយក្នុងនោះមានទាំងការហ្វឹកហ្វឺនប្រើប្រាស់អាវុធ ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ និងសមយុទ្ធជម្លៀសប្រជាជនក្នុងគ្រាអាសន្ន។ តើអាចដែរទេ...ថៃកំពុងត្រៀមបង្កហេតុនៅតាមបណ្តោយព្រំដែនកម្ពុជាសាជាថ្មី? ស្របពេលកម្ពុជាកំពុងរក្សាភាពស្ថប់ស្ងាត់ និងគោរពតាមសេចក្តីថ្លែងការរួមស្តីពីបទឈប់បាញ់ជានិច្ច៕





