
រាជធានីបាងកក៖ ថៃ កំពុងភ័យដកដង្ហើមមិនដល់ពោះ ព្រោះរងការវាយប្រហារពីទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ ភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យការិយាល័យធនធានទឹកជាតិថៃ ត្រូវប្រកាសអាសន្ន និងតាមដានស្ថានភាពទឹកនៅតាមទំនប់យក្សចំនួន៤ និងអាងស្តុកទឹកខ្នាតមធ្យមចំនួន៣២កន្លែងនៅទូទាំងប្រទេសជាបន្ទាន់ ក្រោយពីកម្រិតទឹកបានហក់ឡើងបំពេញហួស «ខ្សែបន្ទាត់សុវត្ថិភាព» ទៅហើយ។

គិតត្រឹមថ្ងៃទី២៤ ខែឧសភា របាយការណ៍បច្ចេកទេសបានទម្លាយតួលេខថា អាងស្តុកទឹកទូទាំងប្រទេសថៃត្រូវបានបំពេញដោយទឹកភ្លៀងរហូតដល់ ៥៧ភាគរយនៃសមត្ថភាពផ្ទុកសរុប (ស្មើនឹងជាង៤៥ ប៊ីលានម៉ែត្រគុប)។ អ្វីដែលជាក្ដីបារម្ភបំផុតរបស់ថៃ គឺទំនប់ទឹកខ្នាតធំចំនួន៤ រួមមាន ទំនប់គីវឡំ (Kio Lom) និងទំនប់ម៉ែឆាង (Mae Chang) នៅភាគខាងជើង ព្រមទាំងទំនប់ណាំពុង (Nam Pung) និងឡាំប៉ាវ (Lam Pao) នៅភាគឦសាន បានផ្ទុកទឹកយ៉ាងច្រើន លើសពីកម្រិតគ្រប់គ្រងស្ដង់ដារ ចំណែកឯអាងស្តុកទឹកខ្នាតមធ្យមចំនួន៣២ទៀត ក៏កំពុងផ្ទុកទឹកណែនក្តន់លើសពី ៨០ភាគរយទៅហើយ។

តាមយុទ្ធសាស្ត្ររំដោះទឹកទប់ទល់មហន្តរាយ អាជ្ញាធរថៃគ្មានជម្រើសអ្វីក្រៅពីការបង្កើនល្បឿនបង្ហូរទឹកចេញពីទំនប់ចៅប្រាយ៉ា (Chao Phraya Dam) ក្នុងអត្រាពី៥០០ ទៅ៧០0ម៉ែត្រគុបក្នុងមួយវិនាទីនោះទេ។ ការបើកទ្វារទឹកស្រោចជន់លើកនេះ នឹងធ្វើឱ្យកម្រិតទឹកទន្លេនៅតំបន់ក្រោមទំនប់ ហក់ឡើងខ្ពស់ពី១ទៅ១,៥ ម៉ែត្រភ្លាមៗ ដែលបង្ខំឱ្យអភិបាលខេត្តចំនួន៧ ក្នុងអាងទន្លេចៅប្រាយ៉ា ត្រូវប្រកាសអាសន្នដាស់តឿនពលរដ្ឋនៅតាមដងទន្លេឱ្យរៀបលក្ខណៈ និងលើកអីវ៉ាន់ឡើងទៅកាន់ទីទួលសុវត្ថិភាព ព្រោះតែខ្លាចទឹកជំនន់លបបុកហែកផ្ទះសម្បែង៕



