
រដ្ឋធានីម៉ានីល៖ ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ប្រទេសហ្វីលីពីននៅថ្ងៃទី៦ ខែឧសភានេះ បានចេញមុខជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ា បង្ហាញតម្លាភាពឱ្យបានកាន់តែច្បាស់ ចំពោះស្ថានភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។

ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីអាជ្ញាធរយោធា សម្រេចផ្ទេរលោកស្រីពីពន្ធនាគារ ឱ្យមកឃុំខ្លួនក្នុងផ្ទះវិញ ដើម្បីបន្តអនុវត្តទោសដែលនៅសេសសល់។ ហ្វីលីពីនយល់ថា នេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់ការឈានទៅរកសន្តិភាពយូរអង្វែង។ ក្រសួងការបរទេសហ្វីលីពីនបានសង្កត់ធ្ងន់ថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដក្នុងការបង្រួបបង្រួមជាតិ យោធាមីយ៉ាន់ម៉ាគួរតែអនុញ្ញាតឱ្យបេសកជនពិសេសរបស់អាស៊ាន បានជួបពិភាក្សាផ្ទាល់ជាមួយលោកស្រី ស៊ូជី ក៏ដូចជាអនុញ្ញាតឱ្យលោកស្រីមានសិទ្ធិទាក់ទងជាមួយក្រុមគ្រួសារឡើងវិញផងដែរ។ ហ្វីលីពីនជឿជាក់ថា ការបើកផ្លូវឱ្យមានការជួបចរចាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺជាមធ្យោបាយតែមួយគត់ ដើម្បីជំរុញឱ្យមានកិច្ចសន្ទនានយោបាយប្រកបដោយបរិយាបន្ន ក្រោមក្របខណ្ឌសន្តិភាពទាំង៥ចំណុចរបស់អាស៊ាន។

សូមរំលឹកថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ខ្លួនតាំងពីរដ្ឋប្រហារឆ្នាំ២០២១ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់២៧ឆ្នាំ ក្រោមបទចោទប្រកាន់ជាច្រើនដែលសម្ព័ន្ធមិត្តរបស់លោកស្រីចាត់ទុកថា ជារឿងនយោបាយ។ ទោះបីជាកាលពីខែមុន លោកស្រីត្រូវបានបន្ធូរបន្ថយទោសមួយភាគប្រាំមួយ និងត្រូវបានផ្ទេរមកឃុំខ្លួនក្នុងផ្ទះក្ដី ប៉ុន្តែសហគមន៍អន្តរជាតិនៅតែបន្តតាមដានយ៉ាងដិតដល់ និងទាមទារឱ្យមានការដោះលែងលោកស្រីដោយឥតលក្ខខណ្ឌ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដែលកំពុងឆាបឆេះពេញផ្ទៃប្រទេសមីយ៉ាន់ម៉ា៕





