
រាជធានីភ្នំពេញ៖ អ្នកដែលញុះញង់ឱ្យនរណាម្នាក់ គេចវេះពីការបំពេញកាតព្វកិច្ចយោធា ប្រឈមមុខជាប់ពន្ធនាគារចន្លោះពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀល ចំណែកអ្នកបញ្ចុះបញ្ចូល ក្នុងកាលៈទេសៈប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីបរទេស នឹងត្រូវជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ទោសនេះ គឺដូចគ្នានឹងពលរដ្ឋដែលគេចវេះពីការបំពេញកាតព្វកិច្ចយោធាដែរ…។

ការកំណត់ទោស ត្រូវបានចែងយ៉ាងច្បាស់នៅក្នុង«ច្បាប់ស្ដីពីកាតព្វកិច្ចយោធា»ដែលប្រមុខរដ្ឋស្ដីទី សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យប្រើប្រាស់ជាការប្រញាប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ឧសភានេះ។ច្បាប់កាតព្វកិច្ចយោធា តម្រូវឱ្យប្រជាពរលដ្ឋខ្មែរដែលមានអាយុ១៨ដល់២៥ឆ្នាំ ចូលរួមបំពេញកាតព្វកិច្ចរយៈពេល២ឆ្នាំ។ ជាមួយគ្នា ក្នុងរយៈពេល២ឆ្នាំនៃការហ្វឹកហាត់អាចត្រូវបានបន្ថែម៦ខែទៀត ទៅតាមភាពចាំបាច់ជាក់ស្ដែង។ ប្រជាពរលដ្ឋខ្មែរ ដែលបញ្ចប់ការហ្វឹកហាត់ និងបន្តជាយោធិនបម្រុងរហូតដល់អាយុ៤៥ឆ្នាំ។ យ៉ាងណាក៏ដោយ ច្បាប់នេះ តម្រូវឱ្យស្ត្រីអាចចូលរួមដោយគោលការណ៍ស្ម័គ្រចិត្ត។

ក្នុងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ក៏បានចែងដែរថា ប្រជាពលរដ្ឋខ្មែរនៅពេលមានអាយុ១៧ឆ្នាំ ត្រូវទៅចុះឈ្មោះក្នុងបញ្ជីជំរឿនកាតព្វកិច្ចយោធា ក្រោយមកអ្នកទាំងនោះនឹងទទួលបានព័តមានអំពីការចុះឈ្មោះ ដើម្បីបំពេញកាតព្វកិច្ចយោធា។ ក្នុងនោះសម្រាប់ពលរដ្ឋខ្មែរដែលបានចុះបញ្ជីរួចហើយ ត្រូវបានអញ្ជើញទៅបំពេញកាតព្វកិច្ច ប៉ុន្តែបែរជាខកខានមិនបានទៅតាមការកោះហៅរយៈពេល៣០ថ្ងៃ នឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ និងពិន័យ ដោយកំណត់ថា៖«អំពើបែបនេះ គឺជាការគេចវេះពីការបំពេញកាតព្វកិច្ច»។ ការគេចវេះនេះ បើធ្វើឡើងក្នុងពេលប្រទេសមានសង្គ្រាម ឬរងការឈ្លានពានពីបរទេស ទោសទណ្ឌនេះនឹងកើនឡើង ដោយរយៈពេលជាប់ពន្ធនាគារមានចន្លោះពី២ឆ្នាំទៅ៥ឆ្នាំ ហើយការផាកពិន័យនឹងមានចន្លោះពី៤លានរៀលទៅ១០លានរៀល។ ចំពោះអ្នកដែលបានមកបំពេញកាតព្វកិច្ចហើយ ប៉ុន្តែបែរជាគេចវេះនៅក្នុងកាលៈទេសៈមានសង្គ្រាម ឬមានការឈ្លានពាន ក៏នឹងត្រូវរងទោសទណ្ឌដូចគ្នានេះដែរ។

ទោះជាយ៉ាងណា ក្នុងមាត្រា១៣ ក៏មានចែងដែរថា ក្នុងករណីជនល្មើសទទួលកំហុសរបស់ខ្លួន ហើយសុខចិត្តចូលមកបំពេញកាតព្វកិច្ចយោធាវិញ នៅមុនពេលដែលមានសេចក្តីសម្រេចជាស្ថាពរពីតុលាការ ជននោះត្រូវទទួលបានការអនុគ្រោះពីការផ្តន្ទាទោស ប៉ុន្តែត្រូវបញ្ជូនជននោះទៅអនុវត្តទណ្ឌកម្មវិន័យ។ បែបបទ និងនីតិវិធីនៃការអនុវត្តទណ្ឌកម្មវិន័យ ត្រូវកំណត់ដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដោយឡែក អ្នកដែលញុះញង់ឱ្យនរណាម្នាក់ គេចវេះពីការបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដូចគ្នានឹងបទល្មើសគេចវេះពីកាតព្វកិច្ចយោធា។ ទោសទណ្ឌនេះ ក៏ត្រូវអនុវត្តដូចគ្នាចំពោះអ្នកផ្តើមគំនិត ឬសមគំនិតនៃបទល្មើស។ ក្នុងច្បាប់ក៏ចែងថា៖«ជនណាដែលឆ្លៀតយកឋានៈ និងតួនាទី ដើម្បីរាំងស្ទះមិនឱ្យប្រជាពលរដ្ឋចូលបំពេញកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល»។

គួរជ្រាបថា ច្បាប់កាតព្វកិច្ចយោធា ក៏បានចែងពីការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាដែរ។ ក្នុងនោះ ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ប្រជាពលរដ្ឋដែលមានសមត្ថភាព ឬទេពកោសល្យពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អ្នកឯកទេសជំនាញ ដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវ ឬអនុវត្តផ្ទាល់នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈ នៃកងយោធពលខេមរភូមិន្ទ និងពលរដ្ឋបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យា ព្រមទាំងពលរដ្ឋមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង ត្រូវបានអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា៕









