មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោនធ្លាប់តែជា«អន្ទាក់មរណៈ» ត្រូវបានប្រមូលចេញពីសមុទ្ទនៃប្រជុំកោះរ៉ុង
អុន សម្ផស្ស
11 ម៉ោងមុន

ក្រុងកោះរ៉ុង៖ ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពនៃក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្ត បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរំដោះបាតសមុទ្ទនៅក្នុងឧទ្យានជាតិសមុទ្ទនៃប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងកាកសំណល់ ពិសេស ឧបករណ៍នេសាទដែលបោះបង់ចោលក្នុងដែនសមុទ្ទកម្ពុជា...។

ក្រសួងកសិកម្ម ប្រកាសព័ត៌មានកាលពីថ្ងៃទី២៤ឧសភាថា យុទ្ធនាការ«ទិវាអណ្តើកសមុទ្ទពិភពលោកឆ្នាំ២០២៦» កាលពីថ្ងៃទី២៣ឧសភា ក្រុមអ្នកជ្រមុជទឹកស្ម័គ្រចិត្តចំនួន១៧នាក់ បានបង្កើតសមិទ្ធផលដ៏គួរឱ្យកោតសរសើរ ដោយបានមុជទឹកបំពេញបេសកកម្មចំនួន២លើក និងប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្ទ (Ghost Gear) សរុបជិតកន្លះតោន ចេញពីតំបន់ស្នូលជីវចម្រុះ។ ឧបករណ៍នេសាទសរុបចំនួន៤៧០គីឡូក្រាម ត្រូវបានក្រុមការងារប្រមូលបានពីតំបន់ប៉ប្រះផ្កាថ្ម និងជម្រកស្មៅសមុទ្ទរួមមាន៖ អួនអូស(Trawl net) ចំនួន៤០០គីឡូក្រាម, លបនេសាទ(Fishing trap) ចំនួន៣០គីឡូក្រាម, មងក្រឡា(Gill net) ចំនួន១៥គីឡូក្រាម, សន្ទូចខ្សែវែង(Long line) ចំនួន៥គីឡូក្រាម, ខ្សែសន្ទូច (Fishing line) ចំនួន៣គីឡូក្រាម ព្រមទាំងសំណល់ផ្សេងៗទៀត(Other items) ចំនួន១៧គីឡូក្រាម។

ក្រសួងបញ្ជាក់ថា ទិន្នន័យជាក់លាក់ទាំងអស់ ត្រូវបានកត់ត្រាយ៉ាងហ្មត់ចត់ ដើម្បីទុកជាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់អគ្គនាយកដ្ឋានជលផល ក្នុងការរៀបចំផែនការសកម្មភាព ដើម្បីគ្រប់គ្រងការពារ និងអភិរក្សសមុទ្ទកម្ពុជា បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ខៀវ និងអេកូទេសចរណ៍ជលផល ប្រកបដោយចីរភាពទៅថ្ងៃអនាគត។ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា បានកោតសរសើរថា ដំណក់ញើស និងការលះបង់កម្លាំងកាយចិត្តរបស់បងប្អូនអ្នកជ្រមុជទឹកទាំង២លើក ក្នុងរយៈពេលតែ ២ម៉ោង គឺជាជំហានដំបូងដ៏ជោគជ័យ និងជាគំរូល្អក្នុងការដាស់ស្មារតីសាធារណជន ជាពិសេស អ្នកនេសាទ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានជលផលបាតសមុទ្ទ។

កញ្ញា អ៊ឹម រចនា សង្កត់ធ្ងន់ថា៖«ជោគជ័យនេះ ស្តែងឱ្យឃើញថា ឱ្យតែមានការចូលរួមពីគ្រប់ភាគី នោះយើងពិតជាអាចការពារធនធានធម្មជាតិរបស់យើងបាន ប្រកបដោយចីរភាព»។ មង និងខ្សែសន្ទូចចាស់ៗជិតកន្លះតោន ធ្លាប់តែជា «អន្ទាក់មរណៈ» យាយីសត្វអណ្តើកសមុទ្ទ ផ្សោត និងបំផ្លាញផ្កាថ្ម ត្រូវបានដកហូតចេញជាស្ថាពរ ដែលនេះជាសកម្មភាពជាក់ស្តែងក្នុងការផ្ដល់ជីវិត និងដង្ហើមជាថ្មីដល់មហាសមុទ្ទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត