
ក្រុងសៀមរាប៖ ប្រាសាទឃ្លាំង ស្ថិតនៅពីក្រោយប្រាសាទសួរព្រ័ត្រ និងនៅប៉ែកខាងកើតនៃព្រះបរមរាជវាំង ជាសំណង់ថ្មភក់ភ្លោះឈរអមសងខាងផ្លូវ ឆ្ពោះទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។ ប្រាសាទនេះ មិនមែនគ្រាន់តែជាសំណង់សាសនាធម្មតាទេ តែជាបណ្ណសារដ្ឋានរដ្ឋបាល ដ៏សំខាន់បំផុតមួយកាលពីសម័យអង្គរ..។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទឃ្លាំងខាងជើង កសាងឡើងនៅចុងសតវត្សរ៍ទី១០ ដោយព្រះបាទជ័យវម៌្មទី៥ ដែលដំបូងឡើយបានផ្តួចផ្តើមសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌្មទី២។ សំណង់នេះ ប្រហែលមានប្រក់ដំបូលធ្វើអំពីឈើ ប៉ុន្តែក្រោយមកត្រូវបានរុះរើ និងសាងសង់ជំនួសដោយថ្មភក់វិញយ៉ាងរឹងមាំ។ នៅលើមេបង្អួចមួយមានឆ្លាក់ផែនទី ដីធ្លី ឬប្លង់កម្មសិទ្ធិដីធ្លីបុរាណ មានអាយុកាលជាង១ពាន់ឆ្នាំ។ នេះជាភស្តុតាង និងមានតម្លៃមហាសាល បង្ហាញថា ចក្រភពខ្មែរសម័យនោះ មានប្រព័ន្ធគ្រប់គ្រង ចុះបញ្ជី និងបែងចែកកម្មសិទ្ធិដីធ្លីរបស់រដ្ឋ និងប្រជារាស្ត្រយ៉ាងច្បាស់លាស់ និងមានលក្ខណៈវិទ្យាសាស្រ្តរួចទៅហើយ។ ចំណែក ប្រាសាទឃ្លាំងខាងត្បូង កសាងនៅដើមសតវត្សរ៍ទី១១ ដោយព្រះបាទសូរ្យវម៌្មទី១ មានរូបរាងដូចទៅនឹងខាងជើងដែរ តែមានទំហំតូចជាងបន្តិច។

នៅលើមេទ្វារឃើញមានសិលាចារឹកពាក្យសម្បថនៃក្រុមតម្រួត (K.292) ជាពាក្យសម្បថរបស់ក្រុមអ្នកកាន់កាប់កិច្ចការរដ្ឋបាល ឬមន្ត្រីរាជការក្នុងសាមន្តរាជ ចំនួន៤០០នាក់មកពីបណ្តាតំបន់ចំណុះនានា ជុំវិញចក្រភពខ្មែរ។ ខ្លឹមសារសំខាន់នៃពាក្យសម្បថនោះគឺ «ក្រុមមន្ត្រីទាំងអស់ ត្រូវស្បថថ្វាយជីវិត ចំពោះមុខព្រះភក្ត្ររបស់ព្រះបាទសូរ្យវម៌្មទី១ ដោយសន្យាថា នឹងស្មោះត្រង់ ការពារព្រះមហាក្សត្រ ការពារទឹកដី មិនក្បត់រាជបល្ល័ង្ក និងបំពេញការងាររដ្ឋបាលដោយយុត្តិធម៌។ ប្រសិនបើជនណាក្បត់ ពាក្យសម្បថនោះ នឹងធ្លាក់នរក ប៉ុន្តែបើស្មោះត្រង់នឹងទទួលបានបុណ្យកុសល និងការលើកតម្កើង»។ សំណង់ទាំងពីរនេះ គឺជាដើមកំណើតនៃរចនាបថសិល្បៈសម័យអង្គរល្បីល្បាញ គឺរចនាបថឃ្លាំង ដែលមានឥទ្ធិពលទៅដល់ប្រាសាទល្បីៗផ្សេងទៀត ដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវ៕






