
រាជធានីភ្នំពេញ៖ មេខ្លោងជួញដូរថ្នាំញៀនដ៏សកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថដាក់អន្ទាក់ព័ទ្ធចាប់ខ្លួនបានសម្រេច បន្ទាប់ពីតាមប្រមាញ់អស់ជាច្រើនថ្ងៃ...។

យោងតាមរបាយការណ៍ពីមន្រ្តីជំនាញកងរាជអាវុធហត្ថរាជធានី បានឱ្យដឹងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះថា កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធខណ្ឌឫស្សីកែវ និងខណ្ឌទួលគោក បើកការស្រាវជ្រាវអស់ជាច្រើនថ្ងៃ រហូតឈានដល់ការចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ឌី គឹមលាង ដោយរឹបអូសវត្ថុតាង ម្សៅក្រាមពណ៌-ស២១កញ្ចប់ មានទម្ងន់សរុបចំនួន១២១១,៤០ក្រាម ឬស្មើនឹង១គីឡូ២ខាំ១១.៤០ក្រាម។ ដោយកម្លាំងកងរាជអាវុធហត្ថបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើកំណត់ហេតុបន្តនីតិវិធី។

បន្ទាប់ពីសួរចម្លើយរួចរាល់ បច្ចុប្បន្ន ជនជាប់ចោទ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕





