
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២១ ខែឧសភាថា សហរដ្ឋអាម៉េរិកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន៥០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ...។

លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social របស់លោកដោយបញ្ជាក់ចំៗថា មូលហេតុចម្បងនៃការសម្រេចចិត្តបញ្ជូនទ័ពធំធេងនេះ គឺដោយសារតែទំនាក់ទំនងផ្ទាល់ខ្លួនដ៏ជិតស្និទ្ធរបស់លោក ជាមួយប្រធានាធិបតីជាតិនិយមអភិរក្សនិយមថ្មីរបស់ប៉ូឡូញ គឺលោក ការ៉ូល ណារ៉ុកគី (Karol Nawrocki) ដែលជាបុគ្គលរូបលោកធ្លាប់បានចេញមុខគាំទ្រយ៉ាងពេញទំហឹង រហូតទទួលបានជោគជ័យនៅក្នុងការបោះឆ្នោត។ លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា៖«ដោយផ្អែកលើការឈ្នះការបោះឆ្នោតដោយជោគជ័យរបស់លោក Karol Nawrocki ដែលជាប្រធានាធិបតីនៃប្រទេសប៉ូឡូញ ដែលខ្ញុំមានមោទនភាពក្នុងការគាំទ្រ និងទំនាក់ទំនងរបស់យើងជាមួយលោក ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា សហរដ្ឋអាម៉េរិក នឹងបញ្ជូនកងទ័ពបន្ថែមចំនួន៥000នាក់ទៅកាន់ប្រទេសប៉ូឡូញ»។

ការប្រកាសភ្លាមៗរបស់លោក ត្រាំ នេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះវាបានកើតឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុប្រធានាធិបតីអាម៉េរិក លោក ជេឌី វ៉ាន (JD Vance) ទើបតែបានប្រាប់ក្រុមអ្នកកាសែតថា ផែនការដាក់ពង្រាយទ័ពសហរដ្ឋអាម៉េរិកទៅកាន់ប៉ូឡូញត្រូវពន្យារពេល។ កន្លងមក សហរដ្ឋអាម៉េរិកបាននិងកំពុងធ្វើការពិនិត្យឡើងវិញនូវវត្តមានកងទ័ពរបស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ហើយថែមទាំងត្រូវបានគេរំពឹងទុកជាយូរមកហើយថា នឹងកាត់បន្ថយចំនួនទ័ពចុះខ្សោយវិញ ស្របតាមការទាមទារដ៏ទទូចរបស់លោក ត្រាំ ដែលចង់ឱ្យអង្គការណាតូដើរតួនាទី និងទទួលខុសត្រូវកាន់តែធំជាងមុនលើការការពារសន្តិសុខនៅអឺរ៉ុប។

ទោះជាយ៉ាងណា ស្ថានភាពបានប្រែប្រួលបន្ទាប់ពីលោក ការ៉ូល ណារ៉ុកគី បានយកឈ្នះបេក្ខជនមកពីគណបក្សកណ្ដាលនិយមគាំទ្រអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថើសក៏ (Donald Tusk) នៅក្នុងការបោះឆ្នោតកន្លងទៅ។ គួររំលឹកផងដែរថា លោក ត្រាំ ធ្លាប់បានបើកទ្វារសេតវិមានទទួលស្វាគមន៍ លោក ការ៉ូល ណារ៉ុកគី ចំនួនពីរដងរួចមកហើយ គឺកាលពីខែឧសភា ឆ្នាំមុន (ចំពេលរៀបចំការបោះឆ្នោតដ៏សំខាន់) និងម្ដងទៀតនៅក្នុងខែកញ្ញា ដោយកាលណោះលោក ត្រាំ បានសន្យារួចជាស្រេចថានឹងជួយធានាសន្តិសុខ និងអាចបង្កើនចំនួនទ័ពអាម៉េរិកនៅក្នុងប្រទេសប៉ូឡូញ ប្រសិនបើលោក ការ៉ូល ណារ៉ុកគី ឡើងកាន់អំណាចពិតប្រាកដមែន៕



