របាយការណ៍សម្ងាត់របស់អាម៉េរិក៖ អ៊ីរ៉ង់លួចផលិតដ្រូន និងស្តារកងទ័ពឡើងវិញលឿនជាងការគិត អំឡុងពេលផ្អាកបា.ញ់គ្នា៦សប្តាហ៍
N
Nary Vann
6 ម៉ោងមុន

មជ្ឈិមបូព៌ា៖ យោងតាមរបាយការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក ដែលត្រូវបានទម្លាយដោយប្រភពផ្ទៃក្នុង និងមន្ត្រីជាន់ខ្ពស់ទៅកាន់សារព័ត៌មាន CNN បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមដំណើរការឡើងវិញនូវខ្សែសង្វាក់ផលិតកម្មដ្រូនវាយប្រហាររបស់ខ្លួនស្ងាត់ៗ អំឡុងពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារយៈពេល៦សប្តាហ៍ ដែលបានចាប់ផ្ដើមកាលពីដើមខែមេសាកន្លងទៅ។ ការណ៍នេះ បង្ហាញថា កងទ័ពអ៊ីរ៉ង់កំពុងតែស្តារសមត្ថភាពយោធារបស់ខ្លួនឡើងវិញ ក្នុងល្បឿនមួយយ៉ាងលឿនបំផុត ដែលហួសពីការស្មាន និងការវាយតម្លៃដំបូងរបស់ក្រុមចារកម្មសហរដ្ឋអាម៉េរិក...។

តាមប្រភពដដែល ការលួចស្តារសមត្ថភាពយោធានេះ រាប់បញ្ចូលទាំងការជួសជុល និងជំនួសទីតាំងបាញ់មីស៊ីល, ម៉ាស៊ីនបាញ់បង្ហោះ និងការបង្កើនសង្វាក់ផលិតកម្មអាវុធសំខាន់ៗ ដែលធ្លាប់ត្រូវបានបំផ្លាញដោយការវាយប្រហារពីសំណាក់កងទ័ពអាកាសអាម៉េរិក និងអ៊ីស្រាអែល។ មន្ត្រីអាម៉េរិកម្នាក់បានបង្ហើបថា អ៊ីរ៉ង់អាចនឹងស្តារសមត្ថភាពដ្រូនវាយប្រហាររបស់ខ្លួនឱ្យពេញលេញឡើងវិញបានក្នុងរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ។ ល្បឿនដ៏លឿននេះ កើតឡើងដោយសារតែកត្តារួមផ្សំជាច្រើន ដូចជាការទទួលបានគ្រឿងបន្លាស់ និងសមាសភាគផលិតមីស៊ីលជាបន្តបន្ទាប់ពីប្រទេសចិន (ទោះបីជាមានការបិទខ្ទប់ផ្លូវទឹកពីអាម៉េរិកក៏ដោយ) ការគាំទ្រពីរុស្ស៊ី និងការដែលអាម៉េរិក-អ៊ីស្រាអែល មិនបានវាយប្រហារកម្ទេចចំគោលដៅធ្ងន់ធ្ងរដូចអ្វីដែលពួកគេធ្លាប់រំពឹងទុកនោះឡើយ។

ផ្អែកលើទិន្នន័យចារកម្មចុងក្រោយ បច្ចុប្បន្នភាពនៃកងទ័ពអ៊ីរ៉ង់បង្ហាញថា កងកម្លាំងដ្រូនរបស់ពួកគេនៅសេសសល់រហូតដល់ទៅប្រហែល៥០ភាគរយ កំពុងត្រៀមលក្ខណៈរួចជាស្រេច។ ជាមួយគ្នានេះ ម៉ាស៊ីនបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ក៏អាចរស់រានមានជីវិតពីការទម្លាក់គ្រាប់បែករហូតដល់ទៅ២ភាគ៣ផងដែរ ដែលតួលេខនេះកើនឡើងពីការវាយតម្លៃចាស់ដែលមានត្រឹមតែពាក់កណ្ដាល ព្រោះអ៊ីរ៉ង់បានឆ្លៀតប្រើពេលផ្អាកបាញ់គ្នានេះ ដើម្បីកាយយកម៉ាស៊ីនបាញ់ដែលកប់ក្រោមដីឡើងវិញ។ លើសពីនេះ គ្រាប់មីស៊ីលការពារឆ្នេររបស់ពួកគេភាគច្រើន នៅតែរក្សាទ្រង់ទ្រាយដើមបានទាំងស្រុង ដែលនេះជាអាវុធយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់បំផុតសម្រាប់អ៊ីរ៉ង់ ក្នុងការប្រឈមមុខ និងគំរាមកំហែងដល់នាវាដឹកជញ្ជូននានានៅច្រកសមុទ្ទហ័រមូស្ស។

របាយការណ៍សម្ងាត់នេះ បានដើរផ្ទុយស្រឡះពីអ្វីដែលមេបញ្ជាការកងទ័ពមជ្ឈិមបូព៌ាអាម៉េរិក (CENTCOM) គឺលោកឧត្តមសេនីយ៍ឯក ប្រេដ ខូបភើរ (Brad Cooper) បានថ្លែងការនៅចំពោះមុខសភាថា លោកបានបំផ្លាញមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់អស់៩០ភាគរយ និងត្រូវចំណាយពេលរាប់ឆ្នាំទើបងើបរួច។ ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តបញ្ជាឱ្យបើកការទម្លាក់គ្រាប់បែកសាជាថ្មី ក្រោយការចរចាមិនត្រូវគ្នានោះ កងទ័ពអ៊ីរ៉ង់ នឹងនៅតែជាការគំរាមកំហែងដ៏ធំធេង និងមានអាវុធគ្រប់គ្រាន់ក្នុងការបាញ់ប្រហារទៅលើប្រទេសអ៊ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្ទដដែល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត