
រដ្ឋធានីវ៉ាស៊ីនតោន៖ ហេតុការណ៍បាញ់ប្រហារដ៏គួរឱ្យរន្ធត់មួយកើតឡើងនៅខាងក្រៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃទី២៣ឧសភា (ម៉ោងនៅអាម៉េរិក) បណ្ដាលឱ្យខ្មាន់កាំភ្លើងម្នាក់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានកម្លាំងសន្តិសុខបាញ់តបតវិញ...។

យោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសន្តិសុខសម្ងាត់សហរដ្ឋអាម៉េរិក បានឱ្យដឹងថា បុរសម្នាក់បានដើរចូលទៅជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅក្បែរសេតវិមាន រួចក៏បានដកកាំភ្លើងចេញពីក្នុងកាតាបរបស់ខ្លួន ហើយចាប់ផ្តើមបើកការបាញ់ប្រហារទៅលើមន្ត្រីសន្តិសុខ។ ភ្លាមៗ ក្រុមមន្ត្រីប៉ូលិសសម្ងាត់បាញ់តបតវិញ បណ្ដាលឱ្យជនសង្ស័យដេកដួលលើដី ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ប៉ុន្តែរូបគេបានស្លាប់មុនពេលមានការសង្គ្រោះពីក្រុមគ្រូពេទ្យ។ នៅក្នុងការបាញ់ប្តូរតទល់គ្នាយ៉ាងក្ដៅគគុកនេះ មានប្រជាពលរដ្ឋម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ រងរបួសធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងនៃការបាញ់ប្រហារផងដែរ។ រូបគេក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះអាយុជីវិត ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ច្បាស់ថា តើគ្រាប់កាំភ្លើងដែលត្រូវចំអ្នកដំណើរនោះ ចេញពីកាំភ្លើងរបស់ភាគីខាងណានៅឡើយទេ។

សូមជម្រាបថា មន្ត្រីអនុវត្តច្បាប់ម្នាក់ បានទម្លាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ខ្មាន់កាំភ្លើងដែលបាត់បង់ជីវិតនេះ គឺជាបុគ្គលមានបញ្ហាខួរក្បាល ឬវិបល្លាសស្មារតី (Emotionally Disturbed Person) រូបគេធ្លាប់ត្រូវបានតុលាការចេញដីកាហាមឃាត់មិនឱ្យចូលក្បែរតំបន់សេតវិមានកាលពីមុនរួចទៅហើយ។ នៅក្នុងហេតុការណ៍នេះ មិនមានមន្ត្រីសមត្ថកិច្ចណាម្នាក់រងរបួសនោះទេ រីឯខ្មាន់កាំភ្លើងក៏មិនទាន់អាចទម្លាយរបងការពារសន្តិសុខ ចូលទៅខាងក្នុងសេតវិមានបានដែរ។
កំលុងពេលកើតហេតុការណ៍ដ៏រន្ធត់នេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតនៅខាងក្នុងសេតវិមាន ដើម្បីបំពេញការងារចរចាលើកិច្ចព្រមព្រៀងយោធាជាមួយប្រទេសអ៊ីរ៉ង់។ សាក្សីដែលជាភ្ញៀវទេសចរជនជាតិកាណាដាម្នាក់ និងក្រុមអ្នកកាសែត ដែលកំពុងឈរនៅវាលស្មៅខាងជើងសេតវិមាន បានរៀបរាប់ថា ពួកគេបានឮសំឡេងផ្ទុះកាំភ្លើងសរុបប្រហែល២០ទៅ២៥គ្រាប់ ដូចជា សំឡេងកាំជ្រួច បង្ខំឱ្យមនុស្សគ្រប់គ្នារត់ទាំងភ័យស្លន់ស្លោ រីឯក្រុមអ្នកកាសែតត្រូវបានសន្តិសុខបញ្ជាឱ្យរត់ចូលទៅសម្ងំនៅក្នុងបន្ទប់សន្និសីទកាសែតជាបន្ទាន់។ បច្ចុប្បន្ន ទីភ្នាក់ងារសន្តិសុខសម្ងាត់សហរដ្ឋអាម៉េរិក រួមជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ កំពុងសហការគ្នាស្វែងរកឫសគល់ និងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើករណីនេះ៕




