ក្រោយឮសម្រែកប្រមុខរដ្ឋស្តីទី និងបានឃើញថ្នាក់ដឹកនាំខេត្តនៅជាប់គ្នាអស់តំណែងគ្មានសល់ ថ្នាក់ដឹកនាំខេត្តរតនគិរី ក៏ប្រញាប់ងើបឡើងចុះទៅបង្ក្រាបអំពើឆបោកតាមអនឡាញ
S
Sreyleak Yith
12 ម៉ោងមុន

ខេត្តរតនគិរី៖ ក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យទី២៤ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានណែនាំថ្នាក់ដឹកនាំខេត្តរតនគិរី ឱ្យបោកសម្អាតជម្រកក្រុមឆបោកតាមអនឡាញ។ ក្រោយឮការណែនាំនេះ បូករួមទាំងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមមាន លោកអភិបាល លោកស្នងការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ត្រូវរបូតចេញតំណែងព្រមៗគ្នាគ្មានសល់ទៀតនោះ ថ្នាក់ដឹកនាំខេត្តរតនគិរី ចាប់ផ្តើមធ្វើកិច្ចការភ្លាមៗតែម្តង ដូចជា បើកកិច្ចប្រជុំ ចុះបង្ក្រាបទីតាំងលួចបង្កប់សកម្មភាពឆបោកតាមអនឡាញ និងដើរត្រួតពិនិត្យតាមលំនៅឋានជួល ដែលសង្ស័យមានការប្រមូលផ្តុំរបស់ក្រុមជនបរទេសខុសច្បាប់ ឬគ្មានឯកសារ។

នៅថ្ងៃទី២៤ ខែឧសភា គណៈបញ្ជាការឯកភាពខេត្តរតនគិរី បានបើកកិច្ចប្រជុំ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងពិនិត្យតាមដានស្វែងរកទីតាំងប្រមូលផ្តុំនៃក្រុមឧក្រិដ្ឋជនឆរបោក។ កិច្ចប្រជុំនេះ មានការចូលរួមពីលោក ញ៉ែម សំអឿន ជាអភិបាលខេត្ត លោក អ៊ុង សុភាព ជាស្នងការ និងថ្នាក់ដឹកនាំផ្នែកកងរាជអាវុធហត្ថផងដែរ។

ក្រោយពីបានប្រជុំរួច កងកម្លាំងសមត្ថកិច្ចចម្រុះ ក៏ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំង សណ្ឋាគារ ផ្ទះសំណាក់ ក្លិបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានានៅតាមមូលដ្ឋានក្រុង-ស្រុកទាំង៩។ ជាមួយគ្នា អាជ្ញាធរ ហាមដាច់ខាតមិនឱ្យម្ចាស់ទីតាំងទាំងអស់ បើកដៃឱ្យមានការឆបោកតាមអនឡាញស្កេមឡើយ ហើយប្រសិនបើរកឃើញថា មានការពាក់ព័ន្ធមែននោះ ម្ចាស់ទីតាំងនឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់។

គួរជ្រាបថា តាមរយៈអនុក្រឹត្យ២ផ្សេងគ្នា ចេញនៅថ្ងៃតែ១ គឺថ្ងៃទី២២ ខែឧសភា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ពីស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ពីមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី។ ការដកតំណែងនេះ ត្រូវបានគេជឿថា ដោយសារលោកទាំង២ មិនអើពើ និងមិនបង្ក្រាបបទល្មើសឆបោកអនឡាញស្កេមក្នុងភូមិសាស្រ្ត ខណៈរាជរដ្ឋាភិបាល បានចេញបទបញ្ជាយ៉ាងដាច់ណាត់ ឱ្យការបោសសម្អាតឱ្យអស់នៅទូទាំងប្រទេសកម្ពុជា។ ក្រោយមក១ថ្ងៃ គឺនៅថ្ងៃ២៣ ខែឧសភា លោកថង សាវុន ក៏ត្រូវបានដកចេញពីតំណែងអភិបាលខេត្តនេះដែរ តាមរយៈព្រះរាជក្រឹត្យ ដែលមានសេចក្តីក្រាបបង្គំទូលថ្វាយសុំពីសម្តេចប្រមុខរាជរដ្ឋាភិបាល។ សម្តេចប្រមុខរដ្ឋស្តីទី ជាអ្នកចេញព្រះរាជក្រឹត្យនេះ ក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត