
រាជធានីតូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃឈី (Sanae Takaichi) កំពុងជំរុញការអនុម័តច្បាប់ថ្មីមួយ ដើម្បីបង្កើត«ភ្នាក់ងារចារកម្មមជ្ឈការ» ជាលើកដំបូងបង្អស់ គិតចាប់តាំងពីចប់សង្គ្រាមលោកលើកទី២។ កត្តាស្នូលដែលនាំឱ្យជប៉ុនបង្កើតស្ថាប័ននេះឡើង គឺដោយសារប្រព័ន្ធការពារព័ត៌មានសម្ងាត់បច្ចុប្បន្នមានលក្ខណៈបែកខ្ញែកគ្នា ដែលធ្វើឱ្យពិបាកក្នុងការទប់ទល់នឹងសកម្មភាពចារកម្ម ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងប្រតិបត្តិការបង្កប់ផ្សេងៗពីសំណាក់ប្រទេសគូប្រជែង។

ភ្នាក់ងារថ្មីនេះ នឹងក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំអ្នកជំនាញ និងព័ត៌មានសម្ងាត់ពីគ្រប់វិស័យ ដើម្បីពង្រឹងសន្តិសុខជាតិជប៉ុនឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន។ ផែនការនេះ ទើបតែទទួលបានការគាំទ្រពីការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាម៉េរិក (ឬFBI) ដែលនឹងផ្លាស់ប្ដូរការិយាល័យស្រាវជ្រាវ និងចារកម្ម នៃគណៈរដ្ឋមន្ត្រី ឱ្យទៅជាមជ្ឈមណ្ឌលកណ្តាលមួយ ដោយប្រមូលផ្តុំអ្នកវិភាគ អ្នកបច្ចេកវិទ្យា និងភ្នាក់ងារប្រតិបត្តិការមកពីគ្រប់ស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជន។ ទីភ្នាក់ងារនេះអាចនឹងចាប់ផ្តើមប្រតិបត្តិការនៅដើមខែកក្កដា ប្រសិនបើទទួលបានការអនុម័តចុងក្រោយពីសភាជាន់ខ្ពស់ ហើយត្រូវបានរំពឹងថា នឹងចាប់ផ្តើមជាមួយបុគ្គលិកប្រហែល ៧០០នាក់។

កាលពីចុងសប្តាហ៍មុន លោក កាហ្ស៊ូយ៉ា ហារ៉ា (Kazuya Hara) ប្រធានចារកម្មនៃគណៈរដ្ឋមន្ត្រី បានធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយនាយក FBI លោក ខាស ប៉ាតែល (Kash Patel) អំពីរចនាសម្ព័ន្ធ និងវិសាលភាពនៃទីភ្នាក់ងារថ្មីនេះ។ លោក ប៉ាតែល បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងនៅលើបណ្តាញសង្គម ដោយសរសេរថា ស្ថាប័នថ្មីនេះ នឹងបង្កើនភាពជាដៃគូដែលយើងមានរួមគ្នា និងជួយប្រមូលផ្តុំព័ត៌មានចារកម្មដែលបែកខ្ញែក។ ក្រៅពីអ្នកវិភាគមានបទពិសោធ និងចំណេះដឹងជ្រៅជ្រះលើគូប្រជែងយុទ្ធសាស្ត្រ រដ្ឋាភិបាលជប៉ុន ចង់ជ្រើសរើសអ្នកជំនាញខាងបញ្ញាសិប្បនិម្មិត(AI) ដើម្បីគ្រប់គ្រងទិន្នន័យដ៏ច្រើនសន្ធឹកសន្ធាប់។ ជាមួយគ្នា មន្ត្រីជប៉ុន បានបញ្ជាក់ច្បាស់ៗថា ពួកគេកំពុងស្វែងរកបុគ្គលមានបទពិសោធផ្ទាល់ នៅក្នុងប្រទេសគោលដៅយុទ្ធសាស្ត្រ រួមមាន៖ ចិន កូរ៉េខាងជើង និងរុស្ស៊ី។

ជុំវិញការបង្កើតភ្នាក់ងារចារកម្មថ្មីរបស់ជប៉ុននេះ ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ិនហួរ បានរិះគន់ជាខ្លាំង ដោយចាត់ទុកការបង្កើតស្ថាប័នចារកម្មថ្មីរបស់ជប៉ុន ថាជា«ការដាស់ព្រលឹងលទ្ធិយោធានិយមស្តេចសាមូរ៉ៃជប៉ុនឱ្យរស់ឡើងវិញ»។ ជាមួយគ្នាផងដែរ រដ្ឋធានីប៉េកាំង បានចោទប្រកាន់ចំៗថា រាជធានីតូក្យូ កំពុងប្រើប្រាស់ប្រព័ន្ធឃ្លាំមើលបែបសម័យសង្គ្រាមមកអនុវត្តឡើងវិញ ដើម្បីបោកបញ្ឆោតមតិសាធារណៈ និងប្រើវាជាឈ្នាន់ក្នុងការពង្រីកមហិច្ឆតាយោធានៅក្រៅប្រទេស៕



