
រាជធានីតូក្យូ៖ កងទ័ពសហរដ្ឋអាម៉េរិក ត្រៀមដាក់ពង្រាយប្រព័ន្ធបាញ់បង្ហោះមីស៊ីលកម្រិតមធ្យម Typhon និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Himars ទៅកាន់ភាគនិរតីនៃប្រទេសជប៉ុននៅខែក្រោយនេះ ទុកសម្រាប់ការធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងស្វ័យការពារជប៉ុន ខណៈទង្វើនេះហាក់ដូចជាមានគោលបំណងបន្សាបឥទ្ធិពលរបស់ប្រទេសចិន...។

ប្រភពបានបញ្ជាក់ថា ប្រព័ន្ធអាវុធទាំងនេះ នឹងត្រូវពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាសកាណូយ៉ា (Kanoya) នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនក្នុងរដ្ឋកាគូស៊ីម៉ា(Kagoshima) ដើម្បីធ្វើសមយុទ្ធរួមគ្នា នោះគឺសមយុទ្ធ «Valiant Shield» និង «Orient Shield» ដែលនឹងប្រព្រឹត្តទៅចន្លោះពីខែមិថុនា ដល់ខែកញ្ញា។ ប្រព័ន្ធបាញ់មីស៊ីល Typhon មានសមត្ថភាពបាញ់មីស៊ីល Tomahawk មានចម្ងាយបាញ់ប្រហែល១៦០០គីឡូម៉ែត្រ ក៏ដូចជាមីស៊ីលស្ទាក់ចាប់ SM-6 ដែលអាចបាញ់បានចម្ងាយជាង៣០០គីឡូម៉ែត្រ។ ចំណែកឯប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ ឬ Himars អាចផ្ទុករ៉ុក្កែតបានរហូតដល់ទៅ៦ដើម ឬប្រព័ន្ធមីស៊ីល ATACMS ចំនួន១ដើម ដែលអាចបាញ់បានចម្ងាយបាញ់ប្រហែល៣០០គីឡូម៉ែត្រ។

ប្រភពបានលម្អិតទៀតថា បន្ទាប់ពីបញ្ចប់សមយុទ្ធរួមគ្នា ប្រព័ន្ធ Typhon និង Himars ទាំងនេះ នឹងត្រូវផ្លាស់ទីទៅរក្សាទុកនៅក្នុងមូលដ្ឋានទ័ពអាម៉េរិកប្រចាំនៅក្នុងប្រទេសជប៉ុន។ យ៉ាងណា គ្មានការរៀបចំកម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិតនោះទេ នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។ សូមរំលឹកថា ប្រព័ន្ធ Typhon ត្រូវបានពង្រាយនៅក្នុងប្រទេសជប៉ុនជាលើកដំបូងកាលពីខែកញ្ញាឆ្នាំមុន ក្នុងអំឡុងពេលសមយុទ្ធទ្វេភាគីទ្រង់ទ្រាយធំ នៅឯមូលដ្ឋានទ័ពអាកាសជើងទឹកអាម៉េរិក Iwakuni ក្នុងខេត្តយ៉ាម៉ាគូឈី (Yamaguchi) ភាគខាងលិចប្រទេសជប៉ុន ដែលកាលណោះធ្វើឱ្យចិន និងរុស្ស៊ីក្ដៅស្លឹកត្រចៀកជាខ្លាំង៕




