ប្រធានក្រុមសង្កេតការណ៍អាស៊ាន ប្តេជ្ញាបង្កើនការដើរល្បាតនៅតំបន់ព្រំដែនកម្ពុជា-ថៃ
S
Soriya Sou
07 ឧសភា 2026 10:34 AM

រាជធានីភ្នំពេញ៖ ក្រោយអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបន្តអាណត្តិពីប្រទេសម៉ាឡេស៊ី លោកឧត្តមនាវីត្រី គ្លេន ឌីហ្សុន (GLENN Z DIZON) មកពីហ្វីលីពីន ដែលប្រធានថ្មីនៃក្រុមសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា បានប្ដេជ្ញាចិត្តខិតខំបំពេញការងារសង្កេតការណ៍ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព...។

កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឧត្តមនាវីត្រី គ្លេន ឌីហ្សុន បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបនោះ ប្រធានថ្មីនៃក្រុមសង្កេតការណ៍អាស៊ាន (AOT) បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងបានសហការល្អជាមួយក្រុមសង្កេតការណ៍ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួលធ្វើឱ្យក្រុម AOT អនុវត្តការងារបានយ៉ាងមានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ។ ឧត្តមនាវីត្រី គ្លេន ឌីហ្សុន បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោក នឹងបន្តខិតខំបំពេញការងារឱ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភទៅភាគីណាឡើយ។  ជាមួយគ្នា លោកនឹងដឹកនាំក្រុម AOT បង្កើនការល្បាតបន្ថែមទៀតនៅតាមតំបន់ព្រំដែនដែលមានជម្លោះរវាងកម្ពុជា-ថៃ។

ឆ្លើយតបនឹងការលើកឡើងរបស់ភាគីហ្វីលីពីន តាងនាមរាជរដ្ឋាភិបាលកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ហ្វីលីពីនដែលជាប្រធានថ្មីនៃក្រុមបេសកកម្ម AOT មកកាន់កម្ពុជា។ លោកអះអាងថា កម្ពុជាប្ដេជ្ញាចូលរួមគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ដើម្បីសម្របសម្រួលដល់ការបំពេញភារកិច្ចសង្កេតការណ៍សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ហើយកម្ពុជាជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។ ក្នុងនាមកម្ពុជាជារដ្ឋគ្រួសារអាស៊ាន លោក វង្ស ពិសេន ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជានៅតែប្ដេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ព្រំដែនមិនកែប្រែដោយកម្លាំងប្រដាប់អាវុធ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត