
រដ្ឋធានីវៀងចន្ទ៖ ស្របពេលសណ្តាប់ធ្នាប់ពិភពលោកកំពុងរង្គោះរង្គើដោយសារសង្គ្រាមនៅអ៊ីរ៉ង់ ការដួលរលំនៃរបបគ្រប់គ្រងនៅវ៉េណេស៊ុយអេឡា និងបម្រែបម្រួលនៃទិសដៅភូមិសាស្ត្រនយោបាយ បណ្តាប្រទេសដែលប្រកាន់យករបបកុម្មុយនីស្ដនៅអាស៊ី កំពុងតែបន្តរចនាសម្ព័ន្ធគ្រប់តាមបែបឯកបក្សរបស់ខ្លួនយ៉ាងរឹងមាំបំផុត។ ក្រោពីចិន កូរ៉េខាងជើង និងវៀតណាម ពេលនេះឡាវក៏បានកំណត់ឱ្យមេដឹកនាំដដែលបន្តកាន់តំណែងដូចដើម ដោយមានលោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) ជាប្រធានរដ្ឋ និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី២នេះ។ នេះបើតាមព័ន្ធផ្សព្វផ្សាយរដ្ឋឡាវបានប្រកាសជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា។

សូមជម្រាបថា ការរក្សាស្ថានភាពដើមនៃតំណែងកំពូលនៅប្រទេសឡាវ មិនមែនជារឿងចៃដន្យឡើយ ព្រោះ វាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគ្រប់គ្រងបែបឯកបក្ស ដោយមានចិន វៀតណាម និងកូរ៉េខាងជើង កំពុងអនុវត្តដូចគ្នា ដើម្បីធានាថា មនោគមវិជ្ជាបងប្អូនកុម្មុយនីស្ដនៅអាស៊ីនឹងមិនត្រូវរលាយសាបសូន្យឡើយ។ ជាក់ស្តែង ការបន្តអំណាចរបស់មេដឹកនាំឡាវ មិនត្រឹមតែជាជោគជ័យយុទ្ធសាស្ត្ររបស់រដ្ឋធានីវៀងចន្ទន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាបំណងរបស់រដ្ឋធានីហាណូយដែរ។

នៅវៀតណាម ថ្នាក់ដឹកនាំកំពូលក៏បានពង្រឹងអំណាចដាច់ខាតរបស់ខ្លួនដូចគ្នាដែរ។ ជាមួយគ្នានេះ នៅក្នុងរដ្ឋធានីព្យុងយ៉ាង លោក គីម ជុងអ៊ុន ក៏បានបង្ហាញពីការបន្តក្តាប់អំណាចកាន់តែណែនដៃ។ មេរៀនដែលមេដឹកនាំកូរ៉េខាងជើងកំពុងប្រកាន់ខ្ជាប់គឺថា«បើយើងទន់ជ្រាយនឹងត្រូវគេកម្ទេច បើបែកបាក់នឹងត្រូវគេលេបត្របាក់»។ គួរបញ្ជាក់ថា ក្នុងពេលតំណាលគ្នា ការបន្តកាន់អំណាចរបស់មេដឹកនាំឡាវ វៀតណាម និងកូរ៉េខាងជើង គឺជាការចាក់ឫសកែវបក្សកុម្មុយនីស្ដយ៉ាងរឹងមាំបន្ថែមទៀត៕





