ថ្ងៃទី៤មិថុនា ប៊ូតានអាចសងសឹកកម្ពុជាបានទេ ក្រោយបរាជ័យ ០-២ កាលពី១១ឆ្នាំមុន
អាន ប៊ុនរ័ត្ននៈ
24 ឧសភា 2026 10:38 AM

រាជធានីភ្នំពេញ៖ នៅសល់ត្រឹមតែ១១ថ្ងៃទៀតប៉ុណ្ណោះ ក្រុមគោព្រៃកម្ពុជា នឹងប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិចំនួនពីរប្រកួត ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ កន្លងមក សហព័ន្ធបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការអំពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន និងក្រុមបាល់ទាត់កោះហុងកុងនៃប្រទេសចិន ដើម្បីកម្តៅសាច់ដុំត្រៀចូលរួមការប្រកួតពានរង្វាន់ ASEAN Championship ឆ្នាំ២០២៦ នាពេលខាងមុខ...។

បើតាមការបញ្ជាក់ច្បាស់ពីសហព័ន្ធបាល់ទាត់កម្ពុជា (FFC) ក្រុមបាល់ទាត់គោព្រៃកម្ពុជា នឹងប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ជម្រើសជាតិមកពីប្រទេសប៊ូតាននៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦។ ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន ដែលមានចំណាត់ថ្នាក់លេខ១៨៦ ក្នុង FIFA Ranking ធ្លាប់បរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់គោព្រៃកម្ពុជា ០-២ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៃការប្រកួតមិត្តភាពអន្តរជាតិ (Friendly Match)។ គ្រាប់បាលទាំងពីរគ្រាប់របស់ក្រុមបាល់ទាត់គោព្រៃកម្ពុជា គឺរកបានដោយកីឡាកររ៉ូស សាមឿន ជាខ្សែការពារស្តាំ (Right-back) បានស៊ុតបាល់ set-piece បានយ៉ាងល្អនៅនាទី«ទី២៨»នៃវគ្គទី១ ខណៈកីឡាករកែវ សុខផេង ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជានៅពេលនោះ បានបន្ថែមគ្រាប់បាល់មួយគ្រាប់ទៀតនៅនាទី«ទី៥២»នៃតង់ទី២ ហើយលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត ទោះបីភាគីក្រុមបាល់ទាត់គោព្រៃកម្ពុជា ព្យាយាមដាក់សម្ពាធខ្លាំងទៅលើ ក្រុមបាល់ទាត់ជម្រើសជាតិប៊ូតាន ជាច្រើនលើកច្រើនសាក៏ដោយ។

រីឯមួយប្រកួតទៀតនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ពោលគឺឃ្លាតគ្នាតែ៥ថ្ងៃប៉ុណ្ណោះ ក្រុមបាល់ទាត់គោព្រៃកម្ពុជា នឹងត្រូវជួបប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសកោះហុងកុង នៃប្រទេសចិន ដែលមានចំណាត់ថ្នាក់លេខ១៥៥ ក្នុង FIFA Ranking និងធ្លាប់បំបាក់ ក្រុមបាល់ទាត់គោព្រៃកម្ពុជា រហូតដល់ទៅ៧លើកផងដែរ។ ប្រវត្តិប្រកួតរបស់ក្រុមបាល់ទាត់គោព្រៃកម្ពុជា ជាមួយ ក្រុមជម្រើសកោះហុងកុង នៃប្រទេសចិន មានចំនួន១២លើក ក្នុងនោះ ក្រុមបាល់ទាត់គោព្រៃកម្ពុជា ឈ្នះ២លើក ស្មើ៣លើក និងចាញ់ដល់ទៅ៧លើក ខណៈការប្រកួតចុងក្រោយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ (ប្រកួតមិត្តភាព) កម្ពុជាស្មើជាមួយហុងកុង ១–១ ដែលកីឡាករ សារ៉េត គ្រីយ៉ា ជាអ្នករកគ្រាប់បាល់ឱ្យកម្ពុជា។ សូមជម្រាបថា ការប្រកួតមិត្តភាពអន្តរជាតិ២ប្រកួត របស់ក្រុមបាល់ទាត់គោព្រៃកម្ពុជា គឺមិនមែនជាការប្រកួតធម្មតានោះទេ ប៉ុន្តែជាការវាស់ស្ទង់សមត្ថភាពកីឡាករនីមួយៗដែលគ្រូបង្វឹកក្រុមបាល់ទាត់គោព្រៃកម្ពុជា កំពុងរៀបចំប្រមូលផ្តុំកីឡាករល្អៗ ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់ ASEAN Championship ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត