
រាជធានីភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ថូម៉ាស រ៉ាចឆែល (Thomas Rachel) សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍនៃសភាសហព័ន្ធអាល្លឺម៉ង់ បានសម្តែងនូវសុឆន្ទៈក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត…។

ក្នុងបរិយាកាសនៃជំនួបប្រកបដោយភាពស្និទ្ធស្នាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក ថូម៉ាស រ៉ាចឆែល បានថ្លែងពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា-អាល្លឺម៉ង់ និងបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ ក្នុងនាមរដ្ឋាភិបាលអាល្លឺម៉ង់ លោកប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្របសម្រួល និងសហការយ៉ាងជិតស្និទ្ធ ជំរុញឱ្យមានរលកនៃការវិនិយោគពីប្រទេសអាល្លឺម៉ង់មកកាន់កម្ពុជា កាន់តែច្រើនឡើងនាពេលអនាគត សំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ លោក ថូម៉ាស រ៉ាចឆែល និងគណៈប្រតិភូ ដោយវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌរដ្ឋាភិបាល និងប្រជាជនទូទៅ។

លោកក៏បានជម្រាបជូនគណៈប្រតិភូពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា រួមមាន៖ ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ចដ៏រឹងមាំ ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស និងកំណែទម្រង់មុតស្រួចនានា សំដៅបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច។ លោកបានសង្កត់ធ្ងន់លើអត្ថប្រយោជន៍នៃច្បាប់ ស្តីពីវិនិយោគនៃប្រទេសកម្ពុជា ដែលមានលក្ខណៈបើកចំហ និងផ្តល់នូវការលើកទឹកចិត្តខ្ពស់ ព្រមទាំងយន្តការគាំពារ និងដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជនប្រកបដោយប្រសិទ្ធភាព តាមរយៈកិច្ចសន្ទនាត្រង់ទៅត្រង់មក។ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងនូវសុឆន្ទៈក្នុងការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងដ៏ល្អជាមួយអាល្លឺម៉ង់ ឱ្យកាន់តែរីកចម្រើន៕




