
តំបន់អូរស្មាច់៖ ក្រោមការដឹកនាំរបស់មន្រ្តីយោធាហ្វីលីពីនជាប្រធាន, ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅម៉ោង១០ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ចេញដោយលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

លោកស្រី ម៉ាលី សុជាតា លើកឡើងដូចរាល់ដងថា កម្ពុជាតែងតែផ្តល់ការគាំទ្រដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលមានតួនាទីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ហើយកម្ពុជាតែងតែស្វាគមន៍បណ្តាប្រទេសជាមិត្តដែលមានបំណងចង់ចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

អ្នកនាំពាក្យ បន្តថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការអនុវត្តយ៉ាងពេញលេញចំពោះសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC), សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព, និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំង២ឡើងវិញ៕










