
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសលទ្ធផលបឋមនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យាស្រះបុរាណខាងជើង នៅក្រៅកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ ដោយសន្និដ្ឋានថា រចនាសម្ព័ន្ធនៃស្រះលេខ១១នេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជយវរ្ម័នទី៧...។

គម្រោងលើកតម្លៃអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ ត្រូវបាននាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា សហការជាមួយនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមអនុវត្តការងារកំណាយបុរាណវិទ្យា ផ្តោតសំខាន់ទៅលើការសិក្សាប្រព័ន្ធរំដោះទឹកបុរាណពីបរិវេណប្រាសាទភិមានអាកាស និងស្រះបុរាណមួយ ដែលមានចុះក្នុងប្រព័ន្ធបញ្ជីបុរាណដ្ឋានរបស់ឯកសារចាស់របស់បារាំងលេខ១១ ដែលមានទីតាំងស្ថិតនៅខាងជើងកំពែងព្រះបរមរាជវាំងក្រុងអង្គរធំ។ គោលបំណងចម្បងនៃការស្រាវជ្រាវនេះ គឺដើម្បីកត់ត្រាប្រវត្តិប្លង់ស្ថាបត្យកម្ម និងប្រព័ន្ធវិស្វកម្មធារាសាស្ត្របុរាណវិភាគស្រទាប់ដីបុរាណវិទ្យា ស្វែងយល់ពីស្ថានភាពសំណង់ច្រាំងកាំជណ្តើរស្រះ និងប្រព័ន្ធរំដោះទឹក ព្រមទាំងការចាក់ល្បាប់ដីថ្មី។ ជាពិសេសប្រមូលទិន្នន័យបុរាណវិទ្យាសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការស្តារ និងលើកតម្លៃប្រព័ន្ធគ្រប់គ្រងទឹកនេះឱ្យអាចដំណើរការឡើងវិញដូចសម័យបុរាណ។

លោក សួម សុភា អ្នកជំនាញផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលនៃការធ្វើកំណាយនៅទីតាំងស្រះលេខ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗ ដូចជា រូបសណ្ឋាន និងទំហំ។ ស្រះនេះ មានរចនាសម្ព័ន្ធសាងសង់ឡើងអំពីថ្មបាយក្រៀម មានរាងចតុកោណកែង ដែលមានបណ្តោយ៦៥ម៉ែត្រ និងទទឹង៣០ម៉ែត្រ ព្រមទាំងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។ លោកបន្ថែមថា ក្រុមអ្នកស្រាវជ្រាវបានរកឃើញកំណកដីល្បាប់ពីផ្ទៃខាងលើ រហូតដល់បាតស្រះបុរាណ មានជម្រៅប្រមាណ ៣,៥ម៉ែត្រ។

លោក បញ្ជាក់ដូច្នេះថា៖«ដោយផ្អែកលើការវិភាគទៅលើសម្ភារផ្គុំសំណង់ ភស្តុតាងស្រទាប់ដី និងរចនាបថសិល្បៈ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា រចនាសម្ព័ន្ធនៃស្រះលេខ១១នេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជយវរ្ម័នទី៧»។ ម៉្យាងវិញទៀត ភស្តុតាងដ៏លេចធ្លោបំផុត គឺការរកឃើញសិល្បៈចម្លាក់ដ៏ល្អឯក ដែលឆ្លាក់បង្ហាញពីទិដ្ឋភាព និងសកម្មភាពនៃការអុំទូកលំហែកាយ។ ប្រព័ន្ធជីវចម្រុះ និងបរិស្ថានធម្មជាតិបុរាណ រួមមានសកម្មភាពសត្វបក្សាបក្សី សត្វល្មូន និងមច្ឆជាតិជាច្រើនប្រភេទដែលរស់នៅក្នុងប្រព័ន្ធទឹកនោះ។

ក្រោយសម្រេចបានលទ្ធផលបឋមនេះ ក្នុងគោលបំណងថែរក្សា និងគាំពារបេតិកភណ្ឌវប្បធម៌អរូបី និងរូបីដែលមានតម្លៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំផែនការបន្ថែម រួមមាន បន្តការស្រាវជ្រាវ និងធ្វើកំណាយបុរាណវិទ្យាបន្ថែម ដើម្បីប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ, រៀបចំគម្រោងជួសជុល និងពង្រឹងរចនាសម្ព័ន្ធសំណង់ ដើម្បីស្តារមុខងារស្រះដ៏ពិសិដ្ឋនេះឱ្យមានទឹក និងដំណើរការឡើងវិញ, ព្រមទាំងលើកសម្រស់ស្រះនេះឱ្យបានច្បាស់លាស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងវិស័យទេសចរណ៍នាពេលអនាគត៕



