កងកម្លាំង ចាប់គោយន្ត២គ្រឿងនៅព្រំប្រទល់ខេត្តក្រចេះ-ខេត្តកំពង់ធំ រឹបអូសឈើខុសច្បាប់ជាង៤ម៉ែត្រគុប
អុន សម្ផស្ស
13 ម៉ោងមុន

ខេត្តកំពង់ធំ៖ ក្រោយទទួលបានព័ត៌មានសម្ងាត់ កងកម្លាំងយោធានៃបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងខេត្តកំពង់ធំ បានចុះ​ស្ទាក់​ចាប់​គោយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿង នៅតំបន់ព្រៃ​សហគមន៍​អូរ​ដាស់​ស្គរ នៅវេលាម៉ោង៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២៦​​...។

លោកឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ និងជាអនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បាន​ទៅ​ពិនិត្យ​គោយន្ដ​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​២គ្រឿងដែល​កងកម្លាំង​ស្ទាក់​ចាប់​បាន​ក្នុង​ពេល​ជនល្មើសកំពុង​ដឹក​ជញ្ជូនឈើ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រំប្រទល់​ខេត្តកំពង់​ធំ​ និងខេត្ត​ក្រចេះ។ គោយន្ដ​កន្ត្រៃ​ចំនួន​២គ្រឿង​ បាន​ដឹក​ជញ្ជូន​ឈើ​ចម្រៀក​ពេញ​គោយន្តចេញ​ដំណើរ​ពី​តំបន់​ព្រំប្រទល់​ខេត្តកំពង់​ធំ​ និង​ខេត្ត​ក្រចេះ​ នឹង​ចូល​ដល់​ទឹក​ដី​ខេត្ត​កំពង់​ធំ​ នៅ​វេលា​រំលងអាធ្រាត្រ​ ដោយ​ឆ្លង​កាត់​តំបន់​ព្រះអាទិត្យ​ ស្នាក់​ការ​បរិស្ថាន​ខេត្តកំពង់​ធំ​ ហើយ​នៅវេលាទៀប​ភ្លឺ​ បានចូល​ដល់​តំបន់​ព្រៃ​សហគមន៍​អូរ​ដាស់​ស្គរ​ ក្នុង​ឃុំ​មានរិទ្ធិ ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​ ទើបត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ស្ទាក់​ចាប់​បាន​។

លោកអនុសេនីយ៍​ទោ​ ឃាន​ តុង​ហ៊ាន់​ នាយទាហាន​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និងជាប្រធាន​ក្រុម​ទី​បញ្ជាការ​​ប្រចាំ​ការ​នៅ​តំបន់​ព្រៃ​សហគមន៍​អូរ​ក្រញូង​ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងក្រោយទទួលបាន​ព័ត៌មាន​ពី​បណ្ដាញ​សម្ងាត់​។ ទោះយ៉ាងណា ជនសង្ស័យជា​ម្ចាស់​គោយន្ដ​ ​បានរត់​គេច​ខ្លួន​បាត់​។

លោកឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ លោក​អនុ​សេនីយ៍​ទោឃាន​ តុង​ហ៊ាន់​ដែលបាន​ដឹកនាំ​សកម្មភាព​បង្ក្រាប​បទ​ល្មើស ​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់បាន​យ៉ាង​លំបាក​​នេះ​ ដោយសារជនល្មើសបានប្រើប្រាស់​គ្រប់​រូបភាព​ និង​បណ្ដាញ​យ៉ាង​ប្រទាក់​ក្រឡា​ ដើម្បី​ប្រព្រឹត្តិ​បទ​ល្មើស​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ តែ​មិន​អាច​គេច​ផុត​ពី​កងកម្លាំង​ដែល​ខិតខំ​ព្យាយាម​។ លោកឧត្ដមសេនីយ៍​ទោ​ បាន​ប្រគល់​ឈើ​ និង​វត្ថុ​តាង​ ដែល​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ​ទៅ​ស្ថាប័ន​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ ទំរីង ស្រុកសណ្តាន់​ និង​បន្ត​ស្រាវជ្រាវ​មុខ​សញ្ញា​ជន​ប្រព្រឹត្ត​បទល្មើស​ ដើម្បីបញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទា​ទោស​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើក​លែង​ឡើយ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត