
ខេត្តសៀមរាប៖ ដើម្បីចូលរួមលើកតម្លៃសោភ័ណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់បងប្អូនអាជីវករទាំងអស់ ឱ្យថែរក្សាអនាម័យ បរិស្ថាន និងរក្សាសណ្តាប់ធ្នាប់...។

អាជ្ញាធរជាតិអប្សរា ប្រកាសព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា ក្រុមការងារពាក់ព័ន្ធរបស់អាជ្ញាធរជាតិអប្សរា សហការជាមួយភាគីពាក់ព័ន្ធ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយរបស់បងប្អូនអាជីវករលក់ដូរចំនួន៣ទីតាំង គឺបរិវេណខាងត្បូងកសិណប្រាសាទអង្គរវត្ត ចំណតរថយន្តមុខខាងលិចប្រាសាទអង្គរវត្ត និងបរិវេណជុំវិញត្រពាំងសេះ។ អាជ្ញាធរជាតិអប្សរា គូសរំលេចថា៖«កិច្ចការងារនេះ អាជ្ញាធរជាតិអប្សរា តែងធ្វើឡើងជាប្រចាំ នៅតាមទីតាំងផ្សេងៗគ្នា ក្នុងតំបន់អង្គរ ដើម្បីចូលរួមលើកតម្លៃសោភ័ណ្ឌភាព បរិស្ថាន និងសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ»។

អាជ្ញាធរជាតិអប្សរា ប្រកាសថា នឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធលើកិច្ចការងារនេះឱ្យបានជាប់ជាប្រចាំ។ ជាមួយគ្នា អាជ្ញាធរជាតិអប្សរា អំពាវនាវដល់បងប្អូនអាជីវករទាំងអស់ ឱ្យចូលរួមសហការដោយស្ម័គ្រចិត្ត រួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន និងលើកតម្លៃក្នុងតំបន់រមណីយដ្ឋានអង្គរ៕






