
រាជធានីបាងកក៖ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវដឹកនាំដោយសាកលវិទ្យាល័យបច្ចេកវិទ្យានៃទីក្រុងមុយនិច (Technical University of Munich) បានចេញសេចក្តីព្រមានជាថ្មីកាលពីថ្ងៃទី២១ឧសភាថា រាជធានីបាងកករបស់ប្រទេសថៃ កំពុងតែស្រុតដីក្នុងល្បឿនលឿនបំផុតមួយក្នុងចំណោមទីក្រុងធំៗនៅលើពិភពលោក ដែលអាចប្រឈមនឹងការជន់លិចខ្ពស់បំផុត...។

ការស្រុតចុះនៃផ្ទៃដីនេះ បូករួមបញ្ចូលគ្នាជាមួយនឹងការកើនឡើងនៃកម្រិតទឹកសមុទ្ទ នឹងធ្វើឱ្យរាជធានីរបស់ថៃមួយនេះ កាន់តែងាយរងគ្រោះខ្លាំងឡើងៗ ដោយសារវិបត្តិទឹកជំនន់ ជាពិសេស គឺនៅពេលមានព្យុះ ឬបាតុភូតអាកាសធាតុអាក្រក់ខ្លាំងផ្សេងៗ។ តាមលទ្ធផលនៃការសិក្សាបានរកឃើញថា តំបន់ឆ្នេរសមុទ្ទដែលមានការសាងសង់អគារណែនណាន់តាន់តាប់ កំពុងជួបប្រទះការកើនឡើងនៃកម្រិតទឹកសមុទ្ទប្រហែល៦មីលីម៉ែត្រជាប្រចាំឆ្នាំ ដែលល្បឿននេះ គឺលឿនជាងកម្រិតមធ្យមរបស់ពិភពលោកដល់ទៅ៣ដង។ នៅក្នុងនោះ រាជធានីបាងកក ត្រូវបានគេកំណត់អត្តសញ្ញាណថា ជា«ចំណុចក្ដៅនៃការស្រុតដី» ដោយដីក្រុងទាំងមូលបានលិចចុះជាមធ្យម៨,៥មីលីម៉ែត្រក្នុងមួយឆ្នាំ។

ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ថា មូលហេតុចម្បងដែលបណ្ដាលឱ្យក្រុងនានានៅទ្វីបអាស៊ី និងអាហ្វ្រិក ស្រុតចុះខ្លាំងបែបនេះ គឺដោយសារតែការបូមទឹកក្រោមដីមកប្រើប្រាស់ហួសកម្រិត, ការខួងយកប្រេង និងទម្ងន់ដ៏ធ្ងន់សន្ធឹកសន្ធាប់នៃសំណង់អគារខ្ពស់ៗ ដែលបានទៅសង្កត់លើស្រទាប់ដីទន់ៗ ធ្វើឱ្យវាកាន់តែណែន និងស្រុតចុះជាលំដាប់។ ក្រៅពីប្រទេសថៃ ប្រទេសជិតខាងមួយចំនួនដូចជា៖ ឥណ្ឌូណេស៊ី បង់ក្លាដែស ចិន នីហ្សេរីយ៉ា និងអេហ្ស៊ីប ក៏កំពុងប្រឈមមុខនឹងការកើនឡើងកម្រិតទឹកសមុទ្ទចន្លោះពី៧ទៅ១០មីលីម៉ែត្រក្នុងមួយឆ្នាំផងដែរ។ ក្នុងនោះ រដ្ឋធានីហ្សាការតា របស់ឥណ្ឌូណេស៊ី គឺជារដ្ឋធានីដែលស្រុតលឿនជាងគេបំផុតនៅលើលោក ពោលក្នុងកម្រិត១៣,៧មីលីម៉ែត្រក្នុងមួយឆ្នាំ រហូតធ្វើឱ្យផ្ទៃដីក្រុង៤០ភាគរយលិចនៅក្រោមនីវ៉ូទឹកសមុទ្ទរួចជាស្រេចទៅហើយ បន្ទាប់មកគឺទីក្រុងធានជីនរបស់ចិន ក្នុងល្បឿន១៣,៥មីលីម៉ែត្រក្នុងមួយឆ្នាំ។

ទោះជាយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានផ្តល់អនុសាសន៍ថា រាជ/រដ្ឋាភិបាលរបស់ប្រទេសនីមួយៗ អាចជួយពន្យឺតអត្រាស្រុតដីនេះបាន តាមរយៈការដាក់ចេញច្បាប់រឹតបន្តឹងការបូមទឹកក្រោមដី និងការបង្កើតគម្រោងបញ្ចូលទឹកបំពេញស្រទាប់ដីឡើងវិញ ដូចដែលរាជធានីតូក្យូរបស់ជប៉ុន ធ្លាប់បានធ្វើជោគជ័យកាលពីមុន។ ជាមួយគ្នានេះ ប្រសិនបើពិភពលោកនៅតែបន្តពន្យារពេលក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នោះទេ ទឹកសមុទ្ទសកលលោក អាចនឹងកើនឡើងកម្ពស់រហូតដល់១,២ម៉ែត្រ នៅត្រឹមឆ្នាំ២៣០០ ខាងមុខ ដែលវានឹងក្លាយជាមហន្តរាយដ៏ធំសម្រាប់ទីក្រុងជាប់ឆ្នេរសមុទ្ទទាំងអស់៕


